កណ្ដាល៖ អាជ្ញាធរស្រុកស្អាង និងឃុំកោះខែល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវថ្មមិចប្រវែង ៤,៨១៩ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ថ្ម ០,១៥ម៉ែត្រ ស្ថិតនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឃុត ផល្លា អភិបាលរងស្រុកស្អាង តំណាងលោក ជឺ គីមហៃ អភិបាលស្រុកស្អាង និងលោក យ៉ុង យ៉ុន មេឃុំកោះខែល ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើន។

លោកមេឃុំកោះខែលបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុន សហគ្រាស សាស់ សុងហ៊ត បន្ទាប់ពីទទួលបានសិទ្ធិដេញថ្លៃ ក្នុងទឹកប្រាក់សរុបជាង ២៦៩លានរៀល។ តំណាងក្រុមហ៊ុនក៏បានប្តេជ្ញាអនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងស្តង់ដារកំណត់។ថ្លែងក្នុងពិធីបើកការដ្ឋាន លោក ឃុត ផល្លា បានកោតសរសើរចំពោះថ្នាក់ដឹកនាំមូលដ្ឋាន ដែលបានខិតខំស្វែងរក និងអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងឃុំ។

លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរៀបចំការកប់បំពង់ឆ្លងកាត់ផ្លូវឱ្យបានរួចរាល់ មុនពេលការសាងសង់បញ្ចប់ ដើម្បីជៀសវាងការកាប់ផ្លូវធ្វើឱ្យខូចខាតនៅពេលក្រោយ។ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន និងសម្អាតអនាម័យនៅតាមដងព្រែក និងទីសាធារណៈនានា ដើម្បីលើកកម្ពស់សោភ័ណភាព និងគុណភាពរស់នៅក្នុងមូលដ្ឋាន។

អត្ថបទ÷ចតុម្មុខ

Share.