ភ្នំពេញ៖ សមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយមន្ត្រីជំនាញ និងអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យថា ទីតាំងខាងលើអាចពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ដើម្បីយកមកស្តុកទុក និងចែកចាយនៅលើទីផ្សារកម្ពុជា។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកនៅជិតទីតាំង បានឱ្យដឹងថា ឃ្លាំងខាងលើត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើន ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះសម្រាប់រក្សាទុកទំនិញរបស់ខ្លួន។ សាច់បង្កកទាំងនោះ ត្រូវបានគេអះអាងថា នាំចូលពីប្រទេសជិតខាង មុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ និងបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញបានធ្វើការពិនិត្យឯកសារពាក់ព័ន្ធ ប្រភពដើមទំនិញ លិខិតអនុញ្ញាតនាំចូល ព្រមទាំងស្ថានភាពអនាម័យ និងលក្ខខណ្ឌនៃការរក្សាទុកសាច់បង្កក ដើម្បីធានាថា ទំនិញទាំងនោះមានប្រភពច្បាស់លាស់ និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

យ៉ាងណាក៏ដោយ មន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណាមួយផ្សេងទៀតនោះទេ។ 

ជាមួយគ្នានេះ ក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារកំពុងបន្តធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទ៖ ត្រយងតូច

Share.