ឧត្តរធានី៖ នេះមិនមែនត្រឹមតែជាករណីពុលអាហារធម្មតានោះទេ ប៉ុន្តែវាជាភាពលោភលន់ និងការមើលងាយជីវិតមនុស្សពីសំណាក់ម្ចាស់ហាងលក់គុយទាវមួយកន្លែងក្នុងខេត្តឧត្តរធានីរបស់ថៃ។ នៅក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះ ម្ចាស់ហាងគុយទាវមួយកន្លែងនៅក្នុងស្រុកមឿង ខេត្តឧត្តរធានី បានយកសារធាតុគីមីមិនស្គាល់អត្តសញ្ញាណម្យ៉ាងពីគំនរសំរាម មកបំប្លែងធ្វើជាគ្រឿងផ្សំបង្កើនរសជាតិទឹកស៊ុប ដើម្បីទាក់ទាញអតិថិជន និងកាត់បន្ថយការចំណាយ។ លទ្ធផលចុងក្រោយ គឺបណ្ដាលឱ្យប្រជាជនស្លូតត្រង់ចំនួន ១៣នាក់ រួមទាំងកូនស្រីបង្កើតខ្លួនឯងផងនោះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។

ហេតុការណ៍នេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីកង្វះការទទួលខុសត្រូវ និងការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរ លើសុវត្ថិភាពចំណីអាហារ ដែលស្ទើរតែសម្លាប់ជីវិតមនុស្សស្លូតត្រង់បាន។

យោងតាមរបាយការណ៍ពីប៉ូលីសប៉ុស្តិ៍ណងបួរ បានឱ្យដឹងថា ជនរងគ្រោះទាំងអស់បានបង្ហាញរោគសញ្ញាស្រដៀងគ្នា រួមមាន ក្អួតចង្អោរ វិលមុខ រាគ និងពិបាកដកដង្ហើម។ ក្នុងចំណោមអ្នករងគ្រោះទាំង ១៣នាក់ មាន ៤នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ថ្នាក់ប្រកាច់បាត់បង់ស្មារតី និងកំពុងស្ថិតក្រោមការតាមដានយ៉ាងដិតដល់ពីគ្រូពេទ្យ។

អ្វីដែលធ្វើឱ្យមហាជនហួសចិត្ត និងរិះគន់យ៉ាងខ្លាំងនោះគឺ ប្រភពនៃ «អំបិល» របស់ស្ត្រីម្ចាស់ហាងឈ្មោះ ផាន់នោះ។ នាងបានសារភាពថា ខ្លួនបានដឹងយ៉ាងច្បាស់ថា ថង់ប្លាស្ទិកប្រឡាក់ដីចំនួន ២ថង់ ដែលផ្ទុកសារធាតុម្សៅពណ៌លឿងខ្ចីនោះ គឺជាវត្ថុដែលរើសបានពីគំនរសំរាមដោយបុរសម្នាក់ឈ្មោះ ឈាន ដែលជាអ្នករើសអេតចាយ។

ប៉ុន្ដែបើតាមចម្លើយសារភាព ជនឈ្មោះ ឈាន ដែលជាអ្នករើសអេតចាយ បានប្រាប់ និងព្រមានរួចមកហើយថា ខ្លួនមិនដឹងថាវាជាសារធាតុអ្វីនោះទេ និងបានហាមមិនឱ្យយកទៅប្រើប្រាស់ ឬបរិភោគឡើយ។ យ៉ាងណាម៉ិញ ព្រោះតែភាពលោភលន់ចង់បានគ្រឿងផ្សំជួយឱ្យលក់ដាច់ខុសធម្មតា និងមិនអស់លុយទិញ ម្ចាស់ហាងរូបនេះហ៊ានភ្លក់សារធាតុគីមីនោះ ហើយនៅពេលដឹងថា មានរសជាតិប្រៃឡមៗ នាងក៏បានចាក់វាចូលទៅក្នុងឆ្នាំងស៊ុបលក់ឱ្យអតិថិជនភ្លាមៗ ដោយមិនបានគិត ឬខ្វល់ខ្វាយពីអាយុជីវិតរបស់អ្នកដទៃសូម្បីតែមួយតំណក់។

សញ្ញាគ្រោះថ្នាក់បានបង្ហាញឡើងភ្លាមៗ បន្ទាប់ពីស្ត្រីម្ចាស់ហាងគុយទាវបានភ្លក់សារធាតុនោះរួច នាងមានអារម្មណ៍ស្ពឹកមាត់ និងវិលមុខ ប៉ុន្តែបែរជាគិតថាវាជារឿងសុខភាពផ្ទាល់ខ្លួនទៅវិញ។ ចំណែកឯសាច់ញាតិម្នាក់ទៀតដែលមកជួយលក់ ក៏បានពុលក្រោយភ្លក់ទឹកស៊ុប ២-៣ ស្លាបព្រាដែរ។ អ្វីដែលខ្លោចចិត្តបំផុតនោះគឺ នាង សុប្រាណី ដែលជាកូនស្រីបង្កើតរបស់ម្ចាស់ហាង បានហូបគុយទាវនោះរួចបានធ្វើទុក្ខរហូតដល់ថ្នាក់ប្រកាច់ និងស្ទើរតែបាត់បង់ស្មារតី មុនពេលក្រុមសង្គ្រោះមកដល់។

បច្ចុប្បន្ន ប៉ូលីសបានដកហូតសារធាតុគីមីអាថ៌កំបាំងនោះទៅធ្វើការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ហើយ ដើម្បីដឹងថាវាជាសារធាតុពុលប្រភេទណា។ ទោះបីជាជនរងគ្រោះខ្លះបានធូរស្រាល ប៉ុន្តែកំហឹងរបស់ក្រុមគ្រួសាររងគ្រោះមិនបានថយចុះឡើយ។ ឪពុករបស់ជនរងគ្រោះម្នាក់បានដាក់ពាក្យបណ្តឹងជាផ្លូវការ ដើម្បីប្តឹងទាមទារសំណងការខូចខាត និងទាមទារឱ្យច្បាប់ដាក់ទោសម្ចាស់ហាងនេះឱ្យធ្ងន់ធ្ងរបំផុត។

ករណីនេះបានដុតកំដៅបណ្តាញសង្គមថៃឱ្យឆេះសន្ធោសន្ធៅ ជុំវិញការរិះគន់លើស្ដង់ដារអនាម័យដ៏ស្អុយរលួយ និងអសីលធម៌របស់អ្នកលក់ដូរចំណីអាហារ។ ការយកកាកសំណល់គីមីមិនច្បាស់លាស់ពីគំនរសំរាមមកធ្វើជាគ្រឿងផ្សំទឹកស៊ុប មិនមែនជាការធ្វេសប្រហែសដោយអចេតនានោះទេ ប៉ុន្តែវាជាបទល្មើសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរ ដែលមានចេតនាបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សជាសាធារណៈ។

នេះជាមេរៀនជូរចត់ និងជាការដាស់តឿនយ៉ាងដាច់អហង្ការដល់អាជីវករទាំងអស់ថា៖ ទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះដល់បាតសមុទ្រយ៉ាងណាក៏ដោយ ក៏មិនត្រូវគ្មានមនសិការ រហូតដល់ហ៊ានយកជីវិតរបស់អតិថិជនមកធ្វើជាល្បែងដូរលុយ កេងចំណេញសូម្បីតែអំបិលមួយថង់នោះឡើយ!៕

ប្រភព៖ The Thaiger

Share.