ត្បូងឃ្មុំ៖ ទំនិញខូចគុណភាពជាង ២,២តោន ដែលត្រូវបានបង្ក្រាបនៅច្រកព្រំដែនដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានមន្ត្រីគយ និងរដ្ឋាករមេមត់ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដុតកម្ទេចចោលជាផ្លូវការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីការត្រួតពិនិត្យបញ្ជាក់ថា ជាទំនិញខូចគុណភាព។

បើតាមកំណត់ហេតុរបស់ការិយាល័យគយ និងរដ្ឋាករមេមត់ ទំនិញទាំងនេះត្រូវបានបង្ក្រាបកាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដោយកម្លាំងគយសហការជាមួយនគរបាលការពារព្រំដែន ហើយត្រូវបានបញ្ជូនទៅពិនិត្យគុណភាពដោយមន្ត្រីជំនាញ មុនសម្រេចដុតកម្ទេចចោល។

ទំនិញដែលត្រូវបានកម្ទេចរួមមាន មាន់រស់ ១.០៤០គីឡូក្រាម សាច់ក្រកស្បែកស្រួយ ៩២០គីឡូក្រាម គ្រឿងក្នុងមាន់បង្កក ១០០គីឡូក្រាម និងស្លាបមាន់បង្កក ១៥០គីឡូក្រាម សរុប ២.២១០គីឡូក្រាម។

មន្ត្រីជំនាញបានបញ្ជាក់ថា វិធានការនេះធ្វើឡើងដើម្បីទប់ស្កាត់ការចរាចរផលិតផលគ្មានគុណភាពនៅលើទីផ្សារ និងការពារសុខភាពប្រជាពលរដ្ឋ ខណៈអាជ្ញាធរបន្តរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូលតាមបណ្តាច្រកព្រំដែន៕

អត្ថបទ៖ អាចារ្យលាក់

Share.