អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន បានប្រកាស និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ រាល់ដីធ្លីដែលគ្មានប័ណ្ណកម្មសិទ្ធិ (ឬប្លង់រឹង) នៅក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ មិនអាចយកមកធ្វើជាកម្មវត្ថុនៃការទិញ-លក់, ជួល, បញ្ចាំ, ចែកមរតកឱ្យកូនចៅ ឬស្នើសុំការសាងសង់អ្វីបានឡើយ។

ផ្អែកតាមសេចក្តីអំពាវនាវរបស់អភិបាលខេត្ត ដែលបង្ហោះផ្សព្វផ្សាយដោយផេករដ្ឋបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លី ប៉ុន្តែមិនទាន់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវផ្អាករាល់ការលក់ដូរ ឬផ្ទេរកម្មសិទ្ធិបន្តជាបន្ទាន់ ដោយត្រូវចាប់ផ្ដើមពីការស្នើសុំចុះបញ្ជីដីធ្លីដាច់ដោយដុំជាមុនសិន។ លុះត្រាតែទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ជាផ្លូវការ ទើបមានសិទ្ធិយកដីនោះទៅធ្វើការលក់ដូរ ឬចាត់ចែងបន្តតាមនីតិវិធី។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានព្រមាន ដល់សាធារណជន ឬអ្នកដែលកំពុងមានបំណងចង់ទិញដីធ្លីនៅក្នុងក្រុងអរិយក្សត្រទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដាច់ខាតកុំបន្តទិញដីណាដែលគ្មានប័ណ្ណកម្មសិទ្ធិឱ្យសោះ។ ដីដែលមិនទាន់ចុះបញ្ជី គឺជាដីមិនស្របច្បាប់ មិនស្របនីតិវិធី អាចជាដីរបស់រដ្ឋ ឬជាដីកំពុងមានទំនាស់ទាស់ទែងគ្នានៅឡើយ។ ក្នុងករណីដែលសាធារណជននៅតែបន្តទិញ-ដូរដីគ្មានប្លង់ទាំងនោះ រដ្ឋនឹងមិនទទួលខុសត្រូវរាល់ការខូចខាត ឬដោះស្រាយផលវិបាកណាមួយឡើយនៅថ្ងៃខាងមុខ។

ដោយឡែក ចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងមន្ត្រីជំនាញសូរិយោដី ត្រូវក្តាប់តួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់។ ចាប់ពីថ្ងៃនេះតទៅ មិនត្រូវបានអនុញ្ញាតឱ្យមានមន្ត្រីណាម្នាក់ ចុះហត្ថលេខា បញ្ជាក់ ឬបំពេញបន្ថែមលើលិខិតទិញ-លក់ និងហេតុផលផ្សេងៗ ចំពោះដីដែលមិនទាន់ចុះបញ្ជីនោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានព្រមានថា បើមន្ត្រីណាដែលសាកល្បងល្មើសនឹងបទបញ្ជា ដោយទៅចុះហត្ថលេខា ឬបញ្ជាក់លើដីធ្លីគ្មានប័ណ្ណកម្មសិទ្ធិ នឹងត្រូវទទួលវិន័យដាច់ខាតតាមផ្លូវច្បាប់ ដោយគ្មានការយោគយល់ ឬលើកលែងក្រោមហេតុផល «មនុស្សធម៌» ឬចេតនាណាមួយឡើយ។ ប៉ុន្តែក្នុងករណីដែលប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ មន្ត្រីត្រូវខិតខំបម្រើសេវាជូនគាត់ឱ្យបានលឿនបំផុត ល្អបំផុត និងមានតម្លាភាពបំផុត។
ជាចុងក្រោយ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់បន្ថែមថា កន្លងមករដ្ឋបាលបានធ្វើការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋស្ទើរតែគ្រប់ភូមិ ឃុំ ស្រុក អស់ទៅហើយ។ ដូច្នេះ ដីធ្លីដែលនៅសេសសល់មិនទាន់មានប្លង់ គឺសុទ្ធសឹងតែជាដីដែលមានបញ្ហា ហេតុនេះសូមកុំទៅបង្កើតបញ្ហាបន្តទៀតឱ្យសោះ៕
សូមទស្សនាវីដេអូខាងក្រោម៖

