លោកស្រី Louise Arbour គឺជាឥស្សរជន និងជាកំពូលអ្នកច្បាប់ដ៏ល្បីល្បាញបំផុតមួយរូបរបស់ប្រទេសកាណាដា ដែលទើបតែបានឡើងកាន់តំណែងជាអគ្គទេសាភិបាលទី៣១ (31st Governor General of Canada)។

លោកស្រីបានស្បថចូលកាន់តំណែងជាផ្លូវការជា អគ្គទេសាភិបាលនៃប្រទេសកាណាដាទី ៣១ ជំនួសលោកស្រី Mary Simon នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅ។ អគ្គទេសាភិបាលវ័យ ៧៩ឆ្នាំរូបនេះ គឺជាអតីតចៅក្រមតុលាការកំពូលនៃប្រទេសកាណាដា និងជាអតីត ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
ក្នុងតួនាទីជាឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី Louise Arbour ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ដើម្បីពិនិត្យមើលប្រព័ន្ធយុត្តិធម៌ និងសាលាក្តីខ្មែរក្រហម កាលពីខែឧសភា ឆ្នាំ២០០៦។ ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រី អាបួរ ក៏បានចូលជួបសម្ដែងការគួរសមទាំងចំពោះព្រះមហាក្សត្រខ្មែរ សម្តេចតេជោ ហ៊ុន សែន និងទស្សនកិច្ចសាលាក្តីខ្មែរក្រហមផងដែរ។

តាមការណែនាំរបស់នាយករដ្ឋមន្ត្រី ម៉ាក ខារណី អគ្គទេសាភិបាលតំណាងឱ្យប្រទេសកាណាដា ទាំងក្នុងប្រទេស និងអន្តរជាតិ ហើយអនុវត្តភារកិច្ចជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រ Charles ទី៣ ផងដែរ។

សម្រាប់ប្រវត្តិ និងបទពិសោធន៍ការងារវិញ លោកស្រី អាបួរ ធ្លាប់ធ្វើជាព្រះរាជអាជ្ញាកំពូលនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ១៩៩៦-១៩៩៩។ ពីឆ្នាំ ១៩៩៩-២០០៤ លោកស្រីកាន់តួនាទីជា ចៅក្រមតុលាការកំពូលកាណាដា។ បន្ទាប់ពីធ្វើជាចៅក្រមតុលាការកំពូលរយៈពេល៤ឆ្នាំ នៅឆ្នាំ២០០៤ លោកស្រី ទទួលបានការតែងតាំងជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
បន្ទាប់ពីកាន់តួនាទីនេះ ពីឆ្នាំ២០០៤ ដល់២០០៨ ឈានចូលដល់ឆ្នាំ២០០៩ ដល់ ២០១៤ លោកស្រី ជាប្រធាន និងជានាយកប្រតិបត្តិ (CEO) នៃអង្គការស្វែងរកសន្តិភាព International Crisis Group។ ដោយឡែកនៅក្នុងឆ្នាំ ២០១៧ ដល់២០១៨ លោកស្រី បានធ្វើជាតំណាងពិសេសរបស់អគ្គលេខាធិការ UN សម្រាប់ចំណាកស្រុកអន្តរជាតិ។ នៅក្នុងឆ្នាំ ២០២១-២០២២ លោកស្រីត្រូវបានរដ្ឋាភិបាលកាណាដាចាត់តាំងឱ្យដឹកនាំការស៊ើបអង្កេត និងវាយតម្លៃឯករាជ្យលើបញ្ហាវិន័យ និងការបៀតបៀនផ្លូវភេទទ្រង់ទ្រាយធំនៅក្នុងកងកម្លាំងប្រដាប់អាវុធកាណាដា (Canadian Armed Forces) ដែលនាំទៅរកការកែទម្រង់រចនាសម្ព័ន្ធយោធាយ៉ាងស៊ីជម្រៅ។

ជាមួយនឹងបទពិសោធន៍ស្ទើរតែមួយជីវិតស្ថិតនៅក្នុងប្រព័ន្ធច្បាប់ តុលាការ និងការទូតអន្តរជាតិ ទើបធ្វើឱ្យការឡើងកាន់តំណែងជាអគ្គទេសាភិបាលរបស់លោកស្រីនៅក្នុងឆ្នាំ ២០២៦ នេះ ទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕

