ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ១១៥ អនក្រ.បក ស្តីពីការបង្កើត “បណ្តាញអគ្គលេខាធិការ” នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្នុងគោលបំណងពង្រឹងអភិបាលកិច្ច និងលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ។


បណ្តាញនេះត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួលកិច្ចសហការរវាងអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័ន ដើម្បីកាត់បន្ថយបញ្ហាប្រឈមក្នុងការងាររដ្ឋបាល និងធានាភាពសង្គតិភាពក្នុងការអនុវត្តមុខងារគាំទ្រ។
តាមអនុក្រឹត្យនេះ បណ្តាញអគ្គលេខាធិការ នឹងផ្តោតលើការពង្រឹងកិច្ចសហការ ការចែករំលែកទិន្នន័យ ព័ត៌មាន បទពិសោធ និងការសិក្សាដោះស្រាយបញ្ហាប្រឈម ព្រមទាំងជំរុញនវានុវត្តន៍ក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាល។ ណ្តាញនេះត្រូវដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការប្រជុំជាទៀងទាត់រៀងរាល់ត្រីមាស ឬតាមការចាំបាច់ ដើម្បីពិនិត្យ និងជំរុញការអនុវត្តការងារ។


អនុក្រឹត្យនេះក៏បានកំណត់ឱ្យមានការលើកទឹកចិត្តផ្អែកលើសមិទ្ធផលសម្រាប់មន្ត្រីដែលចូលរួមក្នុងបណ្តាញនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត។ រាជរដ្ឋាភិបាលបញ្ជាក់ថា វិធានការនេះនឹងរួមចំណែកពង្រឹងការកែទម្រង់រដ្ឋបាលសាធារណៈ ឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងដែលមានប្រសិទ្ធភាព និងទំនើបភាព៕

