មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរដែនដី បានអញ្ជើញលោកស្រី ទេព បូរី ដែលមានរហស្សនាមថា «ម៉ែគ្រូនុយក្លែអ៊ែរ» មកអប់រំណែនាំ និងចុះហត្ថលេខាលើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពឡាយ ឬបង្ហោះខ្លឹមសារដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គម និងសាសនា។

យោងតាមលទ្ធផលនៃជំនួបជាមួយអាជ្ញាធរមានសមត្ថកិច្ច លោកស្រី ទេព បូរី បានយល់ព្រមទទួលកំហុស និងប្ដេជ្ញាអនុវត្តតាមការណែនាំជាដាច់ខាត លើចំណុចគន្លឹះចំនួន២រួមមាន៖

ទីមួយ៖ ត្រូវលុបរាល់វីដេអូ និងរូបថតសកម្មភាពទាំងឡាយណា ដែលរងការរិះគន់ថាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម ចេញពីគ្រប់បណ្តាញទំនាក់ទំនងសង្គមទាំងអស់របស់ខ្លួន។

ទីពីរ៖ សាមីខ្លួនបានប្រកាសអំពាវនាវដល់សិស្សគណ បរិស័ទ អ្នកគាំទ្រ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យបញ្ឈប់ការថតចម្លង កាត់ត ឬចែកចាយបន្តនូវរូបភាព និងវីដេអូចាស់ៗរបស់លោកស្រី។ ទន្ទឹមនឹងនេះ លោកស្រីក៏បានស្នើសុំឱ្យជួយលុបរាល់វីដេអូ និងរូបភាពសកម្មភាពទាំងចាស់ទាំងថ្មី ចេញពីគណនីផ្ទាល់ខ្លួនរបស់បងប្អូនរៀងៗខ្លួនផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានចេញសេចក្តីព្រមានយ៉ាងម៉ឺងម៉ាត់ដល់សាធារណជនថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការបង្ហោះ ឬចែកចាយបន្តនូវរូបភាព និងសកម្មភាពរបស់បុគ្គលខាងលើតទៅទៀត។ ក្នុងករណីរកឃើញថា បុគ្គលណានៅតែបន្តយកទៅចែកចាយ ឬបង្ហោះ ដែលបង្កឱ្យមានការភាន់ច្រឡំ នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមានដោយខ្លួនឯង ដោយគ្មានការលើកលែងឡើយ»

https://troryorng.com/

Share.