ពោធិ៍សាត់៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលជានិមិត្តរូបនៃចំណងមិត្តភាព និងមានតម្លៃជាប្រវត្តិសាស្ត្រ នៅលើទឹកដីខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា រួមជាមួយ ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។




ពិធីសម្ពោធនេះក៏មានការចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ខេត្តដុងថាប់ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។





ថ្លែងក្នុងពិធីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំលេចពីប្រវត្តិនៃការតស៊ូ និងការលះបង់រួមគ្នារវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំងកម្ពុជា ក្នុងបុព្វហេតុរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយគាំទ្រកម្ពុជាក្នុងគ្រាលំបាកបំផុតនៃប្រវត្តិសាស្ត្រ។




សម្តេចបានបញ្ជាក់ថា ការកសាងស្តូបមិត្តភាពកម្ពុជា-វៀតណាម គឺជាការចងចាំ និងដឹងគុណទៅវិញទៅមកចំពោះវីរភាព និងការលះបង់របស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម។




សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម មានរយៈពេល៥៩ឆ្នាំមកហើយ ហើយនៅឆ្នាំ២០២៧ ខាងមុខ ប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត ដែលជាសក្ខីភាពបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ៕
អត្ថបទ÷ពោធិ៍សាត់
