ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំរួមជាមួយតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្ត«ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា» នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យវឌ្ឍនភាពផែនការដៃគូក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើអាទិភាពចំនួន៣ រួមមាន៖
១.ការពង្រឹងស្ថាប័ន
២.សេវាសាធារណៈប្រកបដោយបរិយាប័ន្ន
និងទី៣.សេដ្ឋកិច្ចដែលមានភាពធន់ និងចីរភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកជាសំណូមពរទៅកាន់ភាគីអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះឱ្យកាន់តែជិតស្និទ្ធ បង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

