បាងកក ៖ ក្រសួងព្រះបរមរាជវាំងថៃ បានចេញសេចក្តីថ្លែងការណ៍ប្រកាសថា សម្តេចព្រះនាង ចៅហ្វា ព័ជ្រកិតិយាភានរេន្ទិរាទេពយវតី (Bajrakitiyabha Mahidol) ព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) បានយាងសោយទិវង្គតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងព្រះជន្មា ៤៧ ព្រះវស្សា នេះបើតាម សារព័ត៌មាន South China Moring Post ថ្ងៃទី ១២ មិថុនា ២០២៦ ។

ក្រសួងព្រះបរមរាជវាំងថៃ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សម្តេចព្រះនាងចៅហ្វាបាន មានទ្រង់ប្រឈួនដោយសារការឆ្លងរោគនៅក្នុងពោះវៀន ហើយព្រះរាជសុខភាពទ្រង់បានបន្តដុនដាបខ្លាំងឡើងៗ រហូតដល់ទ្រង់បានយាងទៅកាន់ទេវលោកយ៉ាងស្ងប់ស្ងាត់នាល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

គួររំឭកថា ព្រះអង្គម្ចាស់ក្សត្រីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីទ្រង់បានដួលសន្លប់ដោយសារបញ្ហាព្រះហឫទ័យនិងការឆ្លងរោគផ្សេងៗ។ ចាប់តាំងពីគ្រានោះមក ព្រះអង្គបានស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតីអស់រយៈពេលជិត ៤ ឆ្នាំ។

បន្ទាប់ពីការព្យាបាលអស់រយៈពេលជាច្រើនឆ្នាំ ក្រុមគ្រូពេទ្យបានរកឃើញការឆ្លងរោគនៅក្នុងក្រពះ ដែលបានបណ្តាលឱ្យមានការរលាកនៅក្នុងពោះវៀនរបស់ព្រះអង្គកាលពីខែមេសា ធ្វើឱ្យព្រះរាមាហិត (សម្ពាធឈាម) ធ្លាក់ចុះ និងចង្វាក់ព្រះហឫទ័យលោតមិនទៀងទាត់។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែឧសភា ព្រះបរមរាជវាំងបានប្រកាសថា ព្រះអង្គម្ចាស់ក្សត្រីទទួលបានការថ្វាយព្រះឱសថ និងការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រដើម្បីជំនួយដល់ព្រះសួត និងព្រះតម្រងនោម (តម្រងនោម) ប៉ុន្តែព្រះរាជសុខភាពរបស់ព្រះអង្គនៅតែបន្តធ្លាក់ចុះដុនដាបរហូតមកដល់ពេលយាងទៅកាន់ទេវលោកនៃឋានស្ងប់សុខ៕

Share.