ខេត្តកណ្ដាល៖ នៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់។


ជនសង្ស័យទាំង ៤នាក់ (ប្រុស) មានលទ្ធផលតេស្តវិជ្ជមានសារធាតុញៀន រួមមាន៖
- យ៉េង ថៃឌី ហៅ ម៉ាប់ អាយុ ២៣ឆ្នាំ
- សេង រត្ន័ធី អាយុ ៣៥ឆ្នាំ
- សាំង ភារិទ្ធ អាយុ ៣២ឆ្នាំ
- ផា ផាន់និត អាយុ ៣៨ឆ្នាំ
ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ១កញ្ចប់ ទម្ងន់ ៣,៣៩ក្រាម ទូរស័ព្ទដៃ ៥គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
តាមការសារភាព ជនសង្ស័យទាំងអស់បានចូលលុយគ្នាម្នាក់ ៣០,០០០រៀល សរុប ១២០,០០០រៀល ដើម្បីទិញថ្នាំញៀនមកប្រើប្រាស់រួមគ្នា ដោយឲ្យឈ្មោះ ផា ផាន់និត ជាអ្នកទៅទិញពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ នៅខេត្តកំពង់ស្ពឺ ហើយពួកគេបានប្រើប្រាស់ជាញឹកញាប់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

