ទីក្រុងហ្សឺណែវ៖ ក្នុង​ចំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ក្នុងការសិក្សាបទពិសោធជាក់ស្តែងពីប្រព័ន្ធ TVET របស់ស្វ៊ីស និងបានចែករំលែកអំពីវិធីសាស្ត្រអនុវត្ត ការគ្រប់គ្រង និងមេរៀនដែលអាចយកមកពិចារណាអនុវត្តបាន ពីភាគីម្ចាស់ផ្ទះក៏បានបង្ហាញឆន្ទៈក្នុងការបន្តចែករំលែកគ្នាទៅវិញទៅមកនូវចំណេះដឹង និងបទពិសោធជាមួយកម្ពុជាលើវិស័យពាក់ព័ន្ធសំខាន់ៗផងដែរនាពេលអនាគត។

ដំណើរ​ទស្សនកិច្ចនេះ​ធ្វើឡើងនៅក្នុងអំឡុងពេលចូលរួមសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាល​ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយ​វត្តមាន​របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលនវានុវត្តន៍ និងបណ្តុះបណ្តាល SPARK Campus, សាលាជំនាញនាឡិកា FORPRO (FORPRO Watchmaking School) និងមជ្ឈមណ្ឌលថែទាំយានយន្ត (Automotive Maintenance Center)។

នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមពិនិត្យដោយផ្ទាល់អំពីវិធីសាស្ត្រប្រកបដោយនវានុវត្តន៍របស់ប្រទេសស្វ៊ីស លើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមទាំងឧបករណ៍បរិក្ខារទំនើបៗចុងក្រោយបង្អស់សម្រាប់ការអភិវឌ្ឍជំនាញផ្នែកបច្ចេកវិទ្យា ដែលរួមមាន ជំនាញផលិតនាឡិកា និងជំនាញថែទាំយានយន្ត។

ឯកឧត្តមក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកគ្រូបង្គោល និងសិក្ខាកាមជាច្រើនរូប ដើម្បីធ្វើការឈ្វេងយល់ពីការរៀបចំ និងការបណ្តុះបណ្តាលកម្មវិធីសិក្សាផ្អែកលើសមត្ថភាព ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ឯកឧត្តម ហេង សួរ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការដកស្រង់បទពិសោធពីគំរូប្រព័ន្ធ TVET របស់ស្វ៊ីស ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយរួមបញ្ចូលគ្នារវាងការសិក្សានៅគ្រឹះស្ថានបណ្ដុះបណ្ដាល និងការអនុវត្តការងារជាក់ស្ដែង។ បទពិសោធនេះជាមូលដ្ឋានបន្ថែមក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា លើកកម្ពស់គុណភាព និងការឆ្លើយតបនៃកម្មវិធីអភិវឌ្ឍន៍ជំនាញ ព្រមទាំងការពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន៕

Share.