ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ២៧៩ អនក្រ.តត ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ សម្រេចលុបឈ្មោះលោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ អត្តលេខ ១៦១៥៧២ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។

យោងតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការលុបឈ្មោះនេះធ្វើឡើងដោយសារតែលោក ទិត្យ វណ្ណៈ «មិនគោរពច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ»។

អនុក្រឹត្យបានកំណត់ថា បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងខ្លឹមសារអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ហើយក្រសួង ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួន ត្រូវអនុវត្តតាមការសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

គួររំលឹកថា កាលពីចុងឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ រួមជាមួយមេបញ្ជាការអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីអាវុធហត្ថ៤នាក់ផ្សេងទៀត សរុប៦នាក់ ត្រូវបានលើកឡើងថា មានការពាក់ព័ន្ធនឹងការទទួលផលប្រយោជន៍ពីមុខសញ្ញាចែកចាយគ្រឿងញៀននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ករណីនេះបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន និងនាំឱ្យមានការស៊ើបអង្កេតពីសមត្ថកិច្ចពាក់ព័ន្ធ។

ការសម្រេចលុបឈ្មោះមន្រ្តីរូបនេះ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ត្រូវបានចាត់ទុកថាជាវិធានការវិន័យដ៏ម៉ឺងម៉ាត់មួយ ក្នុងការពង្រឹងការអនុវត្តច្បាប់ និងរក្សាវិន័យក្នុងជួរកងកម្លាំងប្រដាប់អាវុធ៕

Share.