ពោធិ៍សាត់៖ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងបទល្មើសសេដ្ឋកិច្ចចុះធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់អ្នកបើកបរយានយន្តនៅតាមដងផ្លូវសាធារណៈ អំពីសារៈសំខាន់នៃការចូលរួមគោរពច្បាប់ចរាចរណ៍។



ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ឱ្យអនុវត្តតាមច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដូចជា ការពាក់មួកសុវត្ថិភាព ការពាក់ខ្សែក្រវាត់សុវត្ថិភាព ការបើកបរតាមល្បឿនកំណត់ ការគោរពស្លាកសញ្ញាចរាចរណ៍ ការដឹកសំពីងសំពោង លើសចំណុះ និងតុបតែងយានយន្តខុសលក្ខណៈបច្ចេកទេស និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង ឬសារធាតុញៀនក្នុងពេលបើកបរ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ។
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ បានមានប្រសាសន៍ថា ការគោរពច្បាប់ចរាចរណ៍គឺជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ហើយការចូលរួមរបស់ប្រជាពលរដ្ឋនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការបង្ការ និងទប់ស្កាត់បទល្មើសគ្រឿងញៀននៅក្នុងសហគមន៍ និងការមិនដឹកទំនិញខុសច្បាប់ ទំនិញខូចគុណភាព។
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

