ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់របស់វិស័យឯកជន ពិសេសសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការលើកស្ទួយវិស័យទេសចរណ៍ជាតិ ខណៈឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមធ្វើជា «ទូតសុច្ឆន្ទៈ» ដើម្បីលើកកម្ពស់កិត្យានុភាព​កម្ពុជានៅលើឆាកអន្តរជាតិ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការបង្កើតសមាគមទេសចរណ៍កម្ពុជា (CATA) នារាត្រីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាក់ស្តែងរបស់ CATA ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមក ដោយសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ និងសមាជិកគ្រប់ជំនាន់ បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយសមាគមនេះ ទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ «រាល់សមិទ្ធផលទាំងអស់ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល វិស័យឯកជន ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍។ ភាពជាដៃគូដ៏រឹងមាំនេះ នឹងបន្តជាកម្លាំងចលករជំរុញការរីកចម្រើននៃវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជា ‘មាសបៃតង’»។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីគោលគំនិតនៃការប្រើប្រាស់ «អំណាចទន់» (Soft Power) ដោយចាត់ទុកប្រជាពលរដ្ឋខ្មែរគ្រប់រូប គឺជាទូតសុច្ឆន្ទៈ និងជាតំណាងអត្តសញ្ញាណជាតិ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការចូលរួមផ្សព្វផ្សាយពីលក្ខណៈពិសេសនៃវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដើម្បីបង្កើនភាពទាក់ទាញទាំងភ្ញៀវទេសចរ និងការវិនិយោគ។

ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់គ្រប់ភាគី ឱ្យបន្តប្រើប្រាស់សក្តានុពលទេសចរណ៍ឱ្យបានពេញលេញ និងត្រៀមខ្លួនផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុត ដើម្បីស្វាគមន៍គណៈប្រតិភូមកពីជាង ៩០ប្រទេស ក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ៕

Share.