ភូកេត៖ ស្របពេលដែលរដ្ឋាភិបាលថៃកំពុងស្រែកក្តែងៗពីការផ្សព្វផ្សាយយុទ្ធនាការជំរុញវិស័យទេសចរណ៍ និងសុវត្ថិភាពលំដាប់ខ្ពស់ ប៉ុន្ដែលំហូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ បែរជាបន្តបង្ហាញខ្លួនយ៉ាងគគ្លើន បកអាក្រាតការពិតដ៏អាម៉ាស់នៅលើទឹកដីថៃជាថ្មីម្តងទៀត។ ចុងក្រោយនេះ សមត្ថកិច្ចថៃបានបង្ខំចិត្តទទួលស្គាល់ការពិត ក្រោយការឃាត់ខ្លួនស្ត្រីជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ នៅឯអាកាសយានដ្ឋានអន្តរជាតិភូកេត រួមជាមួយគ្រឿងញៀនប្រភេទ «ហេរ៉ូអ៊ីន» រហូតដល់ទៅ ១៦គីឡូក្រាម ដែលត្រូវបានបិទបាំងយ៉ាងជិតនៅក្នុងកញ្ចប់ចំណីសត្វ រួចញាត់ចូលក្នុងវ៉ាលីធ្វើដំណើរ។

យោងតាមការទម្លាយព័ត៌មានជាផ្លូវការទាំងបង្ខំពី លោកវរសេនីយ៍ឯក សាឡាន់ សានទិសាសាណាកុល (Salan Santisasanakul) មេប៉ូលិសតំបន់ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ហេតុការណ៍អាម៉ាស់នេះបានកើតឡើងតាំងពីល្ងាចថ្ងៃទី១១ ខែមិថុនា មកម៉្លេះ នៅត្រង់ចំណុចផ្ញើទំនិញជាន់ទី៣ នៃអាកាសយានដ្ឋានភូកេត។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះថា Jali អាយុ ៣២ឆ្នាំ ជាជនជាតិអាហ្វ្រិកខាងត្បូង។ អ្វីដែលជាចំណុចរិះគន់ និងជាស្រមោលអាប់អួរបំផុតនោះគឺ គ្រឿងញៀនជិត ២០គីឡូក្រាមនេះ ត្រូវបានច្រកក្នុងថង់ខ្មៅ រុំស្កុត និងក្រដាសអាលុយមីញ៉ូម រួចញាត់ចូលក្នុងថង់ចំណីសត្វ ដាក់ក្នុងវ៉ាលីរុញពណ៌ខៀវ ដើរចូលព្រលានយន្តហោះអន្តរជាតិយ៉ាងរំភើយ និងគ្មានការញញើតច្បាប់ទាល់តែសោះ។

បើមើលតាមរូបភាពនៃការវេចខ្ចប់ វាមិនមែនជាបច្ចេកវិទ្យាខ្ពស់អីនោះទេ ប៉ុន្តែគ្រឿងញៀនជិត ២០គីឡូក្រាមនេះ បែរជាអាចឆ្លងកាត់រហូតដល់ចំណុចផ្ញើឥវ៉ាន់ទៅវិញ។ ប្រសិនបើគ្មានការសហការស៊ើបការណ៍ជាមុនពីការិយាល័យបង្ក្រាបគ្រឿងញៀន តើប្រព័ន្ធសន្តិសុខធម្មតារបស់ព្រលានយន្តហោះអាចរកឃើញដែរឬទេ? ភូកេតត្រូវបានគេស្គាល់ថាជាកោះទេសចរណ៍លំដាប់ពិភពលោក ប៉ុន្តែបច្ចុប្បន្នវាកំពុងប្រឡាក់ប្រឡូកទៅដោយព័ត៌មានអវិជ្ជមានជារៀងរាល់ថ្ងៃ តាំងពីបញ្ហាម៉ាហ្វៀរុស្ស៊ី បរទេសប្រើអំពើហិង្សា និងពេលនេះគឺការប្រើប្រាស់ព្រលានយន្តហោះធ្វើជាច្រកឆ្លងកាត់នៃក្រុមជួញដូរគ្រឿងញៀនអន្តរជាតិ។

ទោះបីជាពេលនេះ ប៉ូលិសថៃកំពុងព្យាយាមតាមដានដានជើងឧក្រិដ្ឋជន តាមរយៈទូរស័ព្ទដៃសេរី Samsung Galaxy A13 មួយគ្រឿងដែលដកហូតបាន ដើម្បីវែកមុខរកមេខ្លោងពិតប្រាកដក៏ដោយ ប៉ុន្តែវានៅតែជាសញ្ញាអាសន្នដ៏ក្រហមឆ្អៅមួយបង្ហាញថា ប្រទេសថៃ កំពុងក្លាយជាគោលដៅដ៏ងាយស្រួល ធូររលុង និងមានភាពទាក់ទាញបំផុតសម្រាប់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដោយសារតែភាពកម្សោយនៃការអនុវត្តច្បាប់ និងប្រព័ន្ធគ្រប់គ្រងសន្តិសុខដែលមានតែសំបកក្រៅ។

បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន។ ប៉ុន្តែសម្រាប់សាធារណជន គេលែងមានទំនុកចិត្តលើប្រព័ន្ធសុវត្ថិភាពដែលថៃតែងតែអួតអាងនោះទៀតហើយ ដរាបណាទ្វារប្រទេសថៃនៅតែបើកចំហរចំហរឱ្យគ្រឿងញៀនរាប់សិបគីឡូដើរចូលព្រលានយន្តហោះបានយ៉ាងងាយបែបនេះ៕

ប្រភព៖ Khaosod English

Share.