ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ គឺជាទិវាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ដែលប្រជាជាតិខ្មែរទាំងមូលនៅគ្រប់ទិសទី រួមគ្នាប្រារព្ធ ខួបលើកទី៦៤ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៦) នៃសាលដីកាជាប្រវត្តិសាស្ត្ររបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រុងឡាអេ ដែលបានសម្រេចសេចក្តីថា «ប្រាសាទព្រះវិហារ» ស្ថិតនៅក្រោមអធិបតេយ្យភាព​ដាច់ខាត និងជាកម្មសិទ្ធិស្របច្បាប់មិនអាចប្រកែកបានរបស់ព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍កាលពី៦៤ឆ្នាំមុន មិនត្រឹមតែជាជ័យជម្នះខាងផ្លូវច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃការតស៊ូផ្នែកការទូតយ៉ាងស្វិតស្វាញ និងជាដួងព្រលឹងឯកភាពជាតិរបស់ខ្មែរគ្រប់ជំនាន់ ក្នុងការការពារកេរមរតកដូន​តា​ឱ្យ​នៅគង់វង្សស្ថិតស្ថេរ។

ដើម្បីទទួលបានមកវិញនូវយុត្តិធម៌ ភាគីកម្ពុជានៅក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានឆ្លងកាត់ការតស៊ូតាមផ្លូវច្បាប់យ៉ាងតឹងតែងបំផុត។ ផ្អែកលើឯកសារប្រវត្តិសាស្ត្រ​ សវនាការរឿងក្តីប្រាសាទព្រះវិហារ កម្ពុជា ទល់នឹង ថៃ ត្រូវបានធ្វើឡើងរហូតដល់ទៅ ៧លើក ពេញមួយខែមីនា ឆ្នាំ១៩៦២។

នៅក្នុងសហគមន៍អន្តរជាតិ កម្ពុជាបានឈរលើគោលការណ៍ច្បាប់យ៉ាងរឹងមាំ ដោយបានយោងអង្គហេតុទៅលើខ្សែបន្ទាត់ព្រំដែននៃ «ផែនទីឧបសម្ព័ន្ធទីមួយ» (ផែនទីដងរែក) ដែលកើតចេញពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤។ ផែនទីនេះហើយជាភស្ដុតាងដ៏មានឥទ្ធិពល ដែលភាគីទាំងពីរធ្លាប់បានទទួលស្គាល់ និងជាអាវុធគតិយុត្តដ៏ចម្បងដែលធ្វើឱ្យតុលាការទម្លាក់សាលដីកាផ្តល់យុត្តិធម៌មកឱ្យកម្ពុជា។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការក្រុងឡាអេបានប្រកាសសាលដីកាជាប្រវត្តិសាស្ត្រ ដោយផ្តល់នូវសេចក្តីសម្រេចយុត្តិធម៌ចំនួន ៣ ចំណុចសំខាន់ៗ រួមមាន៖ ការសម្រេចទី១ (សំឡេង ៩ ទល់នឹង ៣)៖ វិនិច្ឆ័យថា ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដី ក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា។ ការសម្រេចទី២ (សំឡេង ៩ ទល់នឹង ៣)៖ បង្គាប់ឱ្យប្រទេសថៃមានកាតព្វកិច្ចដកកងទ័ព ប៉ូលីស ឬឆ្មាំរក្សាការណ៍ទាំងឡាយ ចេញពីប្រាសាទ និងតំបន់ជុំវិញ ដែលថៃបានចូលឈរជើងខុសច្បាប់តាំងពីឆ្នាំ១៩៥៤។ ការសម្រេចទី៣ (សំឡេង ៧ ទល់នឹង ៥)៖ បង្គាប់ឱ្យប្រទេសថៃត្រូវប្រគល់រាល់បុរាណវត្ថុ និងវត្ថុទាំងឡាយណាដែលបានយកចេញពីតំបន់ប្រាសាទព្រះវិហារ ត្រឡប់មកឱ្យកម្ពុជាវិញទាំងអស់។

សាលដីកានេះ គឺជាការបិទបញ្ចប់នូវការប៉ុនប៉ងរំលោភបំពាន និងជាការប្រកាសប្រាប់ពិភពលោកថា «ព្រះវិហារគឺជាដួងព្រលឹង និងជាប្រាង្គប្រាសាទមិនអាចកាត់ថ្លៃបានរបស់កម្ពុជា។ នៅក្នុងឱកាសខួបអនុស្សាវរីយ៍ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដឹងគុណចំពោះវីរភាពរបស់បុព្វបុរស ព្រមទាំងកងទ័ពឈរជើងការពារព្រំដែន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់នៅតាមជួរភ្នំដងរែក ដើម្បីការពារបូរណភាពទឹកដី។

សូមជម្រាបថា បច្ចុប្បន្ន ប្រាសាទព្រះវិហារ មិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏វិសេសវិសាលរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ទៀតផង ដែលនេះកាន់តែបង្កើនតម្លៃជាសកល និងភាពរុងរឿងនៃអរិយធម៌ខ្មែរ។ ស្នាមប្រេះស្រាំនៅលើតួប្រាសាទព្រះវិហារ ដែលបន្សល់ទុកពីការបាញ់ប្លោងរបស់យោធាថៃ គឺជាសក្ខីភាពតែមួយគត់ដែលបង្ហាញថា អធិបតេយ្យភាពមិនមែនបានមកដោយងាយស្រួលឡើយ ។ ការប្រារព្ធខួបលើកទី៦៤ នេះ គឺជាការដាស់តឿនកូនខ្មែរគ្រប់ជំនាន់ ឱ្យយកមេរៀនប្រវត្តិសាស្ត្រ ការតស៊ូតាមផ្លូវច្បាប់ និងការទូត ធ្វើជាត្រីវិស័យ និងជាអាវុធដ៏មានឥទ្ធិពលបំផុត ក្នុងការការពារបូរណភាពទឹកដី និងថែរក្សាដួងព្រលឹងជាតិខ្មែរឱ្យគង់វង្សស្ថិតស្ថេរជានិរន្តរ៍៕

Share.