កំពង់ធំ៖ អភិបាលរងស្រុកស្ទោង លោក សួគ៌ ប៊ុនធង បានលើកឡើងថា ការបំពាក់អំពូលសូឡាសម្រាប់បំភ្លឺផ្លូវសាធារណៈ មិនត្រឹមតែជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាព បរិស្ថាន សុវត្ថិភាព និងជំរុញការអភិវឌ្ឍបែបបៃតងនៅតាមមូលដ្ឋានផងដែរ។ការលើកឡើងនេះធ្វើឡើងក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំព្រះដំរី សម្រាប់បំពាក់អំពូលសូឡាបំភ្លឺផ្លូវចំនួន ១១៥ដើម នៅឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

លោក សួគ៌ ប៊ុនធង បានបញ្ជាក់ថា គម្រោងនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ស្របតាមតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន ដែលបានកំណត់តាមរយៈយន្តការប្រជាធិបតេយ្យ និងការចូលរួមពីប្រជាពលរដ្ឋ។

លោកបានបន្ថែមថា ការប្រើប្រាស់អំពូលបំភ្លឺផ្លូវដោយថាមពលព្រះអាទិត្យ នឹងជួយបង្កើនសុវត្ថិភាពសាធារណៈ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងទប់ស្កាត់អំពើអន្តិសុខនានានៅពេលយប់ ព្រមទាំងរួមចំណែកលើកសោភ័ណភាពភូមិឋានឱ្យកាន់តែប្រសើរឡើង។

អភិបាលរងស្រុកស្ទោង បានគូសបញ្ជាក់ផងដែរថា គម្រោងនេះស្របតាមគោលនយោបាយអភិវឌ្ឍបៃតងរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការប្រើប្រាស់ថាមពលស្អាត កាត់បន្ថយការពឹងផ្អែកលើថាមពលបែបប្រពៃណី និងរួមចំណែកការពារបរិស្ថានក្នុងរយៈពេលវែង។

ក្នុងឱកាសនោះ លោកក៏បានណែនាំដល់ក្រុមហ៊ុនដែលទទួលបានការដេញថ្លៃ ត្រូវអនុវត្តគម្រោងឱ្យបានត្រឹមត្រូវតាមនីតិវិធី បទប្បញ្ញត្តិ និងលក្ខខណ្ឌដែលបានកំណត់ ដោយធានាតម្លាភាព គុណភាព និងការបញ្ចប់ការងារតាមកាលកំណត់។

ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមតាមដាន ថែរក្សា និងប្រើប្រាស់សមិទ្ធផលរួមនេះឱ្យមានប្រសិទ្ធភាព និងយូរអង្វែងផងដែរ៕

អត្ថបទ៖ កំពង់ធំ

Share.