ប្លង់គោលព្រះសារមន្ទីរនៅខេត្តស្ទឹង​ត្រែង ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​ទំនាក់ទំនងសង្គមហ្វេសប៊ុក​នៅព្រឹកថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ កំពុងទទួលបាន​ការ​ចាប់​អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជន។

គំរូប្លង់គោល​ ជាច្រើនសន្លឹក​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា នៅក្នុង​បរិវេណនោះ​ចែក​ចេញ​ជា​៣​អគារ​សំខាន់​ៗ​ រួម​មាន​អគារទី១ គឺអគារព្រះករុណាសម្ដេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង​ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ អគារទី២ គឺអគារព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព​ សេចក្ដីថ្លៃថ្នូរ និងសុភមង្គលនៃព្រះរាជាណាចក្រកម្ពុជា និង​អគារទី៣ គឺអគារមជ្ឈមណ្ឌលសន្និបាតអាស៊ាន។

ព្រះសារមន្ទីរ ក្នុងខេត្តស្ទឹងត្រែង មិន​ត្រឹម​តែជា សំណង់ស្ថាបត្យកម្មដ៏ស្អាតប៉ុណ្ណោះទេ តែក៏ជាការចងចាំព្រះវីរៈភាពរបស់ ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទី គោរព ការពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមួយព្រះជន្មបានបម្រើប្រជាជាតិ ប្រជារាស្ត្រ មាតុភូមិកម្ពុជា ជាទីស្នេហារបស់ព្រះអង្គផងដែរ។

សមិទ្ធផលនេះនឹងកែប្រែមុខមាត់ខេត្តស្ទឹងត្រែង ឱ្យទៅជាចំណុចស្នូលនៃទេសចរណ៍បែបប្រវត្តិសាស្ត្រ និងវប្បធម៌ និង​ទីតាំង​រៀបចំ​កិច្ច​ប្រជុំ​សំខាន់​ៗ​កម្រិត​តំបន់​ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនា សិក្សាស្វែងយល់ និងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់បន្ថែមទៀត។

ព្រះសារមន្ទីរ ក្នុង​ខេត្តស្ទឹងត្រែងគឺជា “ការប្រមូលផ្ដុំ ចងក្រងឯកសារជាដួងព្រលឹង វប្បធម៌ និងប្រវត្តិសាស្ត្ររួមរបស់ជាតិ” ដែលមិនត្រឹមតែបំរើផលប្រយោជន៍ក្នុងការចងក្រងរាល់ឯកសារសំខាន់ៗជាស្នាព្រះហស្ថរបស់ប៉ុណ្ណោះទេ ប៉ុន្តែទីតាំងនេះ ក៏ជាការវិនិយោគលើ “បញ្ញាញាណ” អ្នកជំនាន់ក្រោយៗ ឱ្យ​បាន​រៀនសូត្រនិងស្វែងយល់ពីអតីតកាល ដើម្បីកសាងអនាគតសង្គមជាតិ៕

https://troryorng.com/
Share.