អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញពីវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតជីធម្មជាតិខ្នាតធំក្នុងទឹកប្រាក់ ១០ លានដុល្លារអាមេរិក ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅមុនដំណាច់ឆ្នាំ ២០២៦ នេះ។ រោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបពីប្រទេសចិននេះ នឹងមានសមត្ថភាពផលិតជីបាន ១០០ តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងលើកកម្ពស់សុវត្ថិភាពកសិផលតាមរយៈការប្រើប្រាស់ជីសរីរាង្គ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី គ្រោងដាក់ឱ្យដំណើរការរោងចក្រជីកសិកម្មនៅមុនដំណាច់ឆ្នាំ ២០២៦។ ក្នុងគម្រោងវិនិយោគតម្លៃ ១០ លានដុល្លារ រោងចក្រនេះត្រូវបានរំពឹងថាអាចផលិតជីធម្មជាតិបានជាមធ្យមប្រមាណ ១០០ តោនក្នុងមួយថ្ងៃ។ តាមការឱ្យដឹងពីអ្នកឧកញ៉ា ប្រសិនបើគម្រោងនេះជោគជ័យ លោកនឹងពង្រីកទំហំផលិតកម្មឱ្យកាន់តែធំ ដើម្បីបំពេញតាមតម្រូវការ និងកាត់បន្ថយការនាំចូលពីបរទេស។
រោងចក្រនេះមានទីតាំងស្ថិតនៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គិតត្រឹមពាក់កណ្ដាលខែមិថុនា ឆ្នាំ ២០២៦ សំណង់រោងចក្រនេះសម្រេចបាន ៩០% ហើយគ្រឿងចក្រដែលបម្រើឱ្យខ្សែច្រវាក់ផលិតកម្មមួយចំនួន ក៏កំពុងតែដំឡើងនៅក្នុងរោងចក្រផងដែរ។ ខណៈវត្ថុធាតុដើម រួមមាន៖ លាមកសត្វចិញ្ចឹម (ភាគច្រើនលាមកគោ) សំណល់ដូងប្រេង និងកាកអំពៅជាដើម ត្រូវបានប្រមូលត្រៀមទុកនៅក្បែររោងចក្ររួចជាស្រេច ដែលលោកអះអាងថាចំណាយលើការប្រមូលទិញនេះប្រមាណជា ១ លានដុល្លារ។

បើតាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី រោងចក្រជីកសិកម្មនេះដំណើរការដោយបច្ចេកវិទ្យារបស់ប្រទេសចិន ពោលគឺលោកបានទិញបច្ចេកវិទ្យាពីក្រុមហ៊ុនមួយរបស់ចិន ដែលមានបទពិសោធន៍កែច្នៃជីកសិកម្មជិត ១០០ ឆ្នាំមកហើយ។ ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានបញ្ជាក់ផងដែរថា គម្រោងវិនិយោគប្រមាណ ១០ លានដុល្លារនេះ មិនមានទុនរបស់ចិន ឬប្រទេសផ្សេងនោះទេ គឺជានិធិផ្ទាល់ខ្លួនរបស់លោកទាំងស្រុង។
គោលដៅចម្បងគឺ រួមចំណែកកាត់បន្ថយថ្លៃដើមនៃការបង្កបង្កើនផលរបស់កសិករ តាមរយៈការប្រមូលវត្ថុធាតុដើមក្នុងស្រុក កែច្នៃដើម្បីប្រើប្រាស់ក្នុងតម្លៃសមរម្យ និងធានាបាននូវគុណភាព។ គម្រោងវិនិយោគនេះមិនត្រឹមតែផ្តោតលើផលចំណេញផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សុខភាពសាធារណៈ តាមរយៈការផ្គត់ផ្គង់កសិផលប្រកបដោយសុវត្ថិភាពដល់អ្នកបរិភោគ។ ទន្ទឹមនឹងនេះ វាក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រដល់គោលនយោបាយសន្តិសុខស្បៀងជាតិ ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងធានាបាននូវនិរន្តរភាពនៃវិស័យកសិកម្មខ្មែរសម្រាប់ពេលអនាគត៕



