បាត់ដំបង÷ សមត្ថកិច្ចចម្រុះបានចុះស្រាវជ្រាវឈានដល់ការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញានាំមនុស្សឆ្លងដែនម្នាក់ ខណៈកំពុងធ្វើសកម្មភាពល្មើសនៅតំបន់ព្រំដែនស្រុកសំពៅលូន។

ប្រភពពីសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា÷ ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិសាស្ត្រក្រុមទី ០៧ ក្នុងភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះរិត ផលរ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង រីឯបក្សពួកម្នាក់ទៀតកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងកំណត់សាវតាដើម្បីឃាត់ខ្លួនបន្ត។

ជនសង្ស័យបានសារភាពថា÷ ខ្លួនពិតជាបានធ្វើសកម្មភាពទាក់ទង និងនាំពលករឆ្លងដែនដោយខុសច្បាប់ពិតប្រាកដមែនជាទីកន្លែងដែលស្ថិតនៅឆ្ងាយពីគោលដៅការពាររបស់សមត្ថកិច្ចប្រចាំការ។ ចំពោះមុខនេះនគរបាលជំនាញបាននិងកំពុងរៀបចំបញ្ជូនជនសង្ស័យទៅកាន់ស្នងការនគរបាល ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ: ដំបងក្រញូង

