ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យប្រុសស្រីចំនួន៣នាក់ និងបក្ខពួកពាក់ព័ន្ធ ពីបទល្មើសចំនួន៣ ករណីនាំចូលសាច់បង្កកពីប្រទេសថៃដោយគ្មានការអនុញ្ញាត និងមិនបានបង់ពន្ធត្រឹមត្រូវ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងមួយនៅភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមមាន ឈ្មោះ ភុត ប៊ុនហម អាយុ៤៦ឆ្នាំ, ឈ្មោះ ហម ម៉ារាំណែត អាយុ២៣ឆ្នាំ និងឈ្មោះ ញិន គីមសួរ អាយុ៣៩ឆ្នាំ ព្រមទាំងដកហូតបានសរសៃកងមាន់សាច់បង្កកមួយចំនួន ដែលត្រូវបាននាំចូលពីប្រទេសថៃដោយខុសច្បាប់។

បន្ទាប់ពីទទួលសំណុំរឿង និងពិនិត្យភស្តុតាងរួច តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យទាំង៣នាក់ និងបក្ខពួកពីបទ៖ ១- ការធ្វើពាណិជ្ជកម្មផលិតផលម្ហូបអាហារដែលខូចគុណភាព ឬមិនស្របតាមលក្ខណៈវិនិច្ឆ័យអនាម័យ និងសុវត្ថិភាព, ២- ក្លែងបន្លំដើមកំណើតទំនិញ, ៣- ការនាំចូលទំនិញដោយគ្មានការអនុញ្ញាត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកបក្ខពួកផ្សេងទៀតដែលបានគេចខ្លួន។

អត្ថបទ៖ចតុម្មុខ

Share.