កាលពីព្រឹកព្រលឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក សេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានបង្ហើបឱ្យដឹងតាមរយៈបណ្តាញសង្គម X ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានសម្រេចកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងគ្នានិងគ្នាហើយ បន្ទាប់ពីមានការចរចាគ្នាយ៉ាងស្វិតស្វាញ ដោយភាគីទាំងពីរបានប្រកាសបញ្ឈប់រាល់ប្រតិបត្តិការយោធាភ្លាមៗ និងជាអចិន្ត្រៃយ៍នៅគ្រប់សមរភូមិទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។

លោក សារីហ្វ បានបញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ខាងមុខនេះ នៅក្នុងប្រទេសស្វីស។

បន្ទាប់ពីនោះមិនយូរប៉ុន្មាន លោកប្រធានាធិបតី ដូណាល់ ត្រាំ របស់សហរដ្ឋអាមេរិក ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ដោយផ្ទៀងផ្ទាត់ពីការសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់យ៉ាងពិតប្រាកដ រួមទាំងបានសម្តែងការអបអរសាទរចំពោះគ្រប់ភាគីពាក់ព័ន្ធ។

ក្រៅពីនេះ លោក ត្រាំ ក៏បានបញ្ជាឱ្យបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឱ្យដំណើរការឡើងវិញសម្រាប់ការធ្វើដំណើរឆ្លងកាត់ដោយមិនមានការប្រមូលកម្រៃសេវាអ្វីឡើយ ព្រមទាំងបានលុបចោលការបិទខ្ទប់ផ្លូវទឹករបស់កងទ័ពជើងទឹកអាមេរិកភ្លាមៗ ដោយបានប្រកាសឱ្យនាវាទាំងអស់អាចបញ្ឆេះម៉ាស៊ីន និងចាប់ផ្តើមដឹកជញ្ជូនប្រេងឡើងវិញ​បានហើយ ។

ខណៈពេលជាមួយគ្នានោះ ស្ថានីយទូរទស្សន៍រដ្ឋរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ក៏បានរាយការណ៍ពីព័ត៌មាននៃការសម្រេចបានកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនេះដែរ ដោយយោងតាមទិន្នន័យចេញពីសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន។ ទោះជាយ៉ាងណាក៏ដោយ អំឡុងពេលរាយការណ៍ អ្នកអត្ថាធិប្បាយព័ត៌មានរបស់ទូរទស្សន៍អ៊ីរ៉ង់បានបញ្ជាក់ថា សហរដ្ឋអាមេរិកជាភាគីដែលត្រូវបាន «បង្ខំ» ឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដើម្បីបញ្ចប់សង្គ្រាមជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងរណសិរ្សតស៊ូ។

ចំណែកឯលោក កាសេម ហ្ការីបាបាឌី (Kazem Gharibabadi) អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានអះអាងតាមទូរស័ព្ទក្នុងកម្មវិធីទូរទស្សន៍រដ្ឋថា កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកត្រូវបានសន្និដ្ឋានរួចរាល់ហើយ ហើយពិធីចុះហត្ថលេខាជាផ្លូវការនឹងប្រព្រឹត្តទៅនៅប្រទេសស្វីស នាថ្ងៃសុក្រនេះ។

លោក ហ្ការីបាបាឌី បានមានប្រសាសន៍ថា នឹងមានការប្រកាសបញ្ចប់សង្គ្រាម និងប្រតិបត្តិការយោធានៅតាមសមរភូមិនានា រួមទាំងលីបង់ ភ្លាមៗ និងជាអចិន្ត្រៃយ៍នៅយប់នេះ ដូចគ្នានឹងវិធានការបិទខ្ទប់តាមផ្លូវសមុទ្ររបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ក៏នឹងត្រូវលុបចោលនៅយប់នេះផងដែរ។

តំណាងរដ្ឋបាលអ៊ីរ៉ង់រូបនេះ ក៏បានបញ្ជាក់ផងដែរថា ការចរចាសម្រាប់កិច្ចព្រមព្រៀងដំណាក់កាលចុងក្រោយ នឹងបន្តធ្វើឡើងក្នុងរយៈពេល ៦០ ថ្ងៃទៀត ដោយខាងតេហេរ៉ង់ (អ៊ីរ៉ង់) នឹងអនុវត្តវិធានការផ្ទាល់ខ្លួនភ្លាមៗ ប្រសិនបើមានការរំលោភកិច្ចព្រមព្រៀងពីភាគីម្ខាងទៀត។

ការប្រកាសកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅពេលនេះ គឺចំថ្ងៃខួបកំណើតឈានចូលវ័យ ៨០ ឆ្នាំរបស់លោក ត្រាំ នាថ្ងៃទី១៤ ខែមិថុនា ល្មម។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានភាពមិនច្បាស់លាស់ជាច្រើនទៀត ក្រៅពីអ្វីដែលបានប្រកាសចេញមកនេះ គឺព័ត៌មានលម្អិតស៊ីជម្រៅផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះ នៅមានការបញ្ចេញមកតិចតួចនៅឡើយ៕

Share.