កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក និងប៉ុស្តិ៍ពេជ្រចិន្តា បានសហការជាមួយកម្លាំងជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចុះពិនិត្យទីតាំងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្គ្រាម ចំនួន ៣ ទីតាំង។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដែលជាលទ្ធផលនៃការពិនិត្យឃើញថា នៅក្នុងឃុំភ្នំព្រឹក មានចំនួន ២ ទីតាំង រកឃើញគ្រាប់មិនទាន់ផ្ទុះសរុបចំនួន ២ គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់ ៦៩ និងប្រភេទគ្រាប់ ៨០។ រីឯនៅឃុំពេជ្រចិន្តា វិញ មានចំនួន ១ ទីតាំង រកឃើញគ្រាប់ប្រភេទ ៦៩ ចំនួន ១ គ្រាប់។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានចាត់វិធានការដោយចងខ្សែហ៊ុមព័ទ្ធ និងដាក់ស្លាកសញ្ញាសម្គាល់ទីតាំងប្រកបដោយសុវត្ថិភាព រួចរង់ចាំកម្លាំងជំនាញនៃ CMAC មកយកទៅកម្ទេចចោលតាមបច្ចេកទេស។

ឆ្លៀតក្នុងឱកាសនោះ សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាន សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬសំណល់ជាតិផ្ទុះផ្សេងៗ។ សមត្ថកិច្ចបានអំពាវនាវទៀតថា ប្រសិនបើប្រជាពលរដ្ឋប្រទះឃើញវត្ថុសង្ស័យថាជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ឬយកទៅលេងកម្សាន្តជាដាច់ខាត ហើយត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុ៕

