បាត់ដំបង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកសំឡូត ឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាក្នុងគ្រួសារ និងចាក់សោរផ្ទះបង្ខាំងប្រពន្ធ និងកូនស្រី២នាក់ មិនឱ្យចេញក្រៅ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ កែប ចាន់ថន អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅទីតាំងកើតហេតុ។ ចំណែកដើមបណ្តឹង គឺឪពុកបង្កើតឈ្មោះ សាត វឿន អាយុ៦៥ឆ្នាំ ដែលបានរត់ទៅរាយការណ៍សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក្រោយឃើញស្ថានភាពអាចកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យបានបង្ខាំងប្រពន្ធ និងកូនស្រី២នាក់នៅក្នុងផ្ទះដោយចាក់សោរ មិនអនុញ្ញាតឱ្យចេញក្រៅ។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាលស្រុកសំឡូត កម្លាំងអន្តរាគមន៍ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅអន្តរាគមន៍ភ្លាមៗ។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានជួយសង្គ្រោះនាំយកប្រពន្ធ និងកូនចេញពីក្នុងផ្ទះដោយសុវត្ថិភាព ខណៈជនបង្កត្រូវបានឃាត់ខ្លួន ប្រគល់ឱ្យអធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.