នៅក្នុង្រប្រទេសអ៊ីរ៉ង់កំពុងឡើងកម្តៅ! ប្រជាជនរាប់ម៉ឺននាក់បាននាំគ្នាមកជួបជុំគ្នានៅលើដងផ្លូវតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ព្រមទាំងប្រកាសសងសឹកចំពោះការបាត់បង់ «មេដឹកនាំកំពូល»។
ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា មានការតវ៉ាប្រឆាំងដ៏ធំមួយបានផ្ទុះឡើងនៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដោយមានប្រជាជនយ៉ាងច្រើនកុះករបានមកជួបជុំគ្នា ដើម្បីបង្ហាញកម្លាំងប្រឆាំងនឹងការធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិក ព្រមទាំងទាមទារយុត្តិធម៌ចំពោះមរណភាពរបស់លោក Ayatollah Ali Khamenei អតីតមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់។

ការជួបជុំគ្នានេះបានកើតឡើងចំពេលដែលស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាកំពុងមានភាពតានតឹងយ៉ាងខ្លាំង ដោយក្រុមអ្នកតវ៉ាបាននាំគ្នាបញ្ចេញសំឡេងស្រែកប្រឆាំងនឹងទិសដៅនៃការចរចាការទូតរវាងរដ្ឋាភិបាលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលព្យាយាមជំរុញកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយជម្លោះ ប៉ុន្តែភាគីអ្នកតវ៉ាយល់ឃើញថា ការសម្របសម្រួលបែបនេះគឺជាការបោះបង់ចោលនូវមនោគមវិជ្ជារបស់ប្រទេសជាតិ។
ប្រជាជននៅខាងមុខអគារក្រសួងការបរទេស ក្នុងទីក្រុងតេហេរ៉ង់ បានស្រែកបន្ទរពាក្យស្លោកថា «លោក អារ៉ាក់ឈី លាលែងពីតំណែងទៅ» និង «លោក កាលីបាហ្វ លាលែងពីតំណែងទៅ» ដែលការស្រែកនេះគឺសំដៅលើប្រធានសភា និងជាប្រធានអ្នកចរចា លោក ម៉ូហាំម៉ាត់ បាគ័រ កាលីបាហ្វ។

លើសពីនេះ ក្រុមអ្នកតវ៉ាក៏បានលើករូបថតរបស់លោក Ayatollah Ali Khamenei ព្រមទាំងទាមទារឱ្យមានការស៊ើបអង្កេត និងសួររកយុត្តិធម៌ឱ្យដល់ទីបំផុត ចំពោះករណីនៃការស្លាប់របស់អតីតមេដឹកនាំកំពូលរូបនេះ ព្រោះវាបានបង្កើតនូវភាពមិនពេញចិត្ត និងការខឹងសម្បារយ៉ាងខ្លាំងដល់ប្រជាជនដែលជាក្រុមអ្នកគាំទ្ររូបលោក។
ស្ថានការណ៍ដ៏តានតឹងនេះបានធ្វើឱ្យស្ថានភាពនយោបាយទាំងក្នុងប្រទេស និងអន្តរជាតិនៃប្រទេសអ៊ីរ៉ង់នាពេលបច្ចុប្បន្ន ធ្លាក់ក្នុងភាពផុយស្រួយ និងត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំណែកកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេ៉រិក ក៏ធ្លាក់ទៅក្នុងភាពស្រពិចស្រពិលជាថ្មី៕
ប្រភព៖ NDTV

