ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តអនុវត្តការងារស្តារប្រព័ន្ធលូ ប្រឡាយ និងកសាងស្ថានីយ៍បូមទឹកនៅតំបន់ជាយរាជធានី ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀង និងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធក្នុងរដូវវស្សា។

ការងារនេះធ្វើឡើងក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបានស្តារប្រព័ន្ធលូ និងប្រឡាយជាច្រើនខ្សែរួចរាល់ និងបន្តសំអាតទរទឹកភ្លៀងនៅតំបន់កណ្ដាលរាជធានី។

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានចុះអនុវត្តការងារស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយប្រើប្រាស់រថយន្តចំនួន ១២ គ្រឿង និងអនុវត្តលើផ្លូវសំខាន់ៗចំនួន ១០ ខ្សែ រួមមានផ្លូវលេខ ២៤០, ៤៧, ១៥៤, ៩០, ៦៣, ១៧៨, ៨៨, ១៤៨, ១៤៤ និងតំបន់ជុំវិញផ្សារកណ្តាល។

បន្ទាប់ពីបញ្ចប់ការងារនៅខណ្ឌដូនពេញ ក្រុមការងារនឹងបន្តអនុវត្តនៅខណ្ឌផ្សេងៗទៀតក្នុងរាជធានី ដើម្បីធានាប្រព័ន្ធបង្ហូរទឹកមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការជន់លិច។

ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន ដោយវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយការស្ទះលូ និងបង្ការការលិចលង់ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុង៕

អត្ថបទ៖ សេង សាវី

Share.