កណ្តាល៖ អាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្ត និងក្រុមការងារចម្រុះ បានចុះបង្ក្រាបឃ្លាំងស្តុក និងចែកចាយចំណីអាហារចំនួន២ទីតាំង នៅឃុំបែកចាន ស្រុកអង្គស្នួល ដោយរកឃើញប្រហិត និងចំណីអាហារចម្រុះរាប់តោន ដែលសង្ស័យខូចគុណភាព និងគ្មានប្រភពដើមច្បាស់លាស់។

កាលេពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបានត្រួតពិនិត្យឃ្លាំងចំនួន២កន្លែង ដែលមានទំនិញដូចជា ប្រហិតចម្រុះ ប្រហិតក្តាមChojo នំប៉ាវ ហតដក និងផលិតផលម៉ាក TSP ជាច្រើនប្រភេទ។ ការត្រួតពិនិត្យបានបង្ហាញពីភាពមិនប្រក្រតីជាច្រើន រួមទាំងទូបង្កកមិនដំណើរការត្រឹមត្រូវ ផលិតផលគ្មានកាលបរិច្ឆេទផលិត ឬផុតកំណត់ប្រើប្រាស់ ហើយខ្លះទៀតត្រូវបានសង្ស័យថាមានការវេចខ្ចប់ឡើងវិញ ដើម្បីបន្តចែកចាយទៅទីផ្សារ។

អ្វីដែលធ្វើឱ្យមហាជនព្រួយបារម្ភនោះ គឺសមត្ថកិច្ចបានរកឃើញម៉ាស៊ីន និងសកម្មភាពវេចខ្ចប់ឡើងវិញ ដែលអាចពាក់ព័ន្ធនឹងការកែប្រែកាលបរិច្ឆេទប្រើប្រាស់លើផលិតផលម្ហូបអាហារ។ ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ដើម្បីកំណត់ពីទំហំនៃការប្រព្រឹត្តបទល្មើស និងអ្នកពាក់ព័ន្ធ។

ជាលទ្ធផល មន្ត្រីជំនាញបានដកហូតផលិតផលប្រហិត និងចំណីអាហារចម្រុះសរុបប្រមាណ ៨,៨៩០គីឡូក្រាម ពោលគឺជិត៩តោន ដើម្បីយកទៅពិនិត្យ និងកម្ទេចចោល ប្រសិនបើបញ្ជាក់ថាគ្មានគុណភាព និងបង្កហានិភ័យដល់សុខភាពសាធារណៈ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ទីតាំងខាងលើនេះ បើតាមការស៊ើបអង្កេតបឋមបង្ហាញថា ម្ចាស់សិប្បកម្មមិនបានផលិតផលិតផលដោយខ្លួនឯងនោះទេ ប៉ុន្តែបានទិញសាច់ និងចំណីអាហារពីប្រភពផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស មកវេចខ្ចប់ និងចែកចាយបន្ត ករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ និងម្ចាស់ស្តង់លក់ទំនិញទាំងឡាយ ដែលបានទទួលផលិតផលពីក្រុមហ៊ុន TSP សូមផ្អាកការលក់ និងប្រគល់ផលិតផលទាំងនោះជូនក្រុមការងារជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ។

ជាមួយគ្នាអាជ្ញាធរខេត្តកណ្តាល ក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋ ដែលបានទិញ ឬចែកចាយផលិតផលពីក្រុមហ៊ុន TSP ឱ្យផ្អាកការលក់ជាបណ្ដោះអាសន្ន និងសហការជាមួយមន្ត្រីជំនាញធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់​ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ និងការពារសុខភាពអ្នកប្រើប្រាស់៕

Share.