ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា សម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយតម្លៃសាំង និងម៉ាស៊ូតបានបន្តធ្លាក់ចុះ បង្កភាពធូរស្រាលដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់យានយន្ត។

យោងតាមសេចក្តីជូនដំណឹង សាំងធម្មតា (Gasoline 92) ត្រូវលក់ក្នុងតម្លៃ ៤,៦០០រៀលក្នុងមួយលីត្រ ថយចុះ ១០០រៀល បើធៀបនឹងរយៈពេលមុន។ ចំណែកប្រេងម៉ាស៊ូត (Gasoil 10ppm) ត្រូវលក់ក្នុងតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រ ថយចុះដល់ ៣៥០រៀល ក្នុងមួយលីត្រ។

ការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈនេះ ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយបន្ទុកចំណាយលើការធ្វើដំណើរ ការដឹកជញ្ជូន និងសកម្មភាពអាជីវកម្មផ្សេងៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋ និងអ្នកប្រកបរបរដឹកជញ្ជូនដែលពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈជាប្រចាំ។

គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានកំណត់ ដោយផ្អែកលើតម្លៃប្រេងនៅទីផ្សារអន្តរជាតិ និងគោលនយោបាយអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីរក្សាលំនឹងតម្លៃ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

Share.