កំពង់ធំ៖ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានចុះអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់សត្វគោ ក្របី ជូនប្រជាកសិករ នៅស្រុកស្ទោង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វក្នុងមូលដ្ឋាន។



យុទ្ធនាការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ក្រោមការដឹកនាំរបស់លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត តាមការចាត់តាំងពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
លទ្ធផលនៃការចាក់វ៉ាក់សាំង សម្រេចបានចំនួនសត្វសរុប ៤០០ក្បាល ក្នុងនោះមានគោ ៣៧៥ក្បាល និងក្របី ២៥ក្បាល។ ក្រៅពីនេះ ក្រុមការងារក៏បានផ្តល់ថ្នាំព្យាបាល និងវ៉ាក់សាំងចំនួន ២,០០០កម្រិត ដល់មន្ត្រីបសុព្យាបាល និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់បន្តអន្តរាគមន៍នៅតំបន់ផ្សេងៗទៀត។
ជាមួយគ្នានេះ មន្ត្រីជំនាញបានអំពាវនាវដល់ប្រជាកសិករ ឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងជាប្រចាំ ព្រមទាំងអនុវត្តវិធានការអនាម័យ ដូចជា រៀបចំក្រោលឱ្យស្អាត និងត្រៀមចំណីបម្រុង។ ក្នុងករណីសង្ស័យមានជំងឺ ត្រូវរាយការណ៍ជាបន្ទាន់ទៅមន្ត្រីជំនាញ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការរាលដាលឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ ឈិត សំបូរ

