ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ប្រចាំព្រះរាជាណាចក្រ​កម្ពុជា ជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ដើម្បីពិនិត្យលទ្ធភាព​សហប្រតិបត្តិការ និងការវិនិយោគ​រយៈ​ពេល​វែងលើវិស័យកសិកម្ម។ ក្នុងជំនួបនេះ​ធ្វើ​ឡើង​ កាល​ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បាន​សម្តែងនូ​វ​ការស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តល់នូវអនុសាសន៍ ព្រម​ទាំង​លើកសំណើ​សំខាន់​ៗចំនួន៣ចំណុច ដល់ក្រុមហ៊ុន Sunwah Group រួមមាន៖ ​

១. ការបង្កើតរោងចក្រកែច្នៃកសិផល៖ ក្រសួង​កសិកម្ម​​គាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគលើការបង្កើត​រោង​ចក្រកែច្នៃកសិផល ដែលមានសក្តានុពលដូចជា៖ ដំឡូងមី ស្វាយ និង​ស្វាយចន្ទី ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង​ជំរុញ​ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

២. កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងបច្ចេកវិទ្យា៖ ស្នើឱ្យក្រុម​ហ៊ុន Sunwah Group ជួយសម្របសម្រួល និងណែនាំបណ្តា​ក្រុម​ហ៊ុន​ចិនដែលមានជំនាញលើវិស័យកែច្នៃកាកសំណល់កសិកម្ម​ទៅជា​ជី បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យខ្នាតធំ (Big Data) និងកសិកម្ម​ឆ្លាតវៃ (Smart Agriculture) ឱ្យមកសហការជាមួយបណ្ឌិត្យសភា​វិទ្យា​សាស្ត្រ​កសិកម្មកម្ពុជា (CASA)។ ការសហការនេះ នឹងជួយពង្រីក​សក្តា​នុ​ពល​វិនិយោគ និងការស្រាវជ្រាវក្នុងវិស័យកសិកម្មនៅកម្ពុជា​ឱ្យ​កាន់តែមានប្រសិទ្ធភាព។

៣. ការគាំទ្រធុរកិច្ច និងការបណ្តុះបណ្តាល៖ ស្នើឱ្យក្រុមហ៊ុនពិនិត្យ​លទ្ធភាព​ក្នុងការបង្កើត «មជ្ឈមណ្ឌលបណ្តុះបណ្តាល​អាជីវកម្ម​កសិកម្ម» (Incubation Center) នៅសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញសហគ្រិនភាព និងបង្កើតឱកាសការងារជូននិស្សិត ដោយផ្អែកលើបទពិសោធន៍ជោគ​ជ័យ​របស់ក្រុមហ៊ុន Sunwah Group។

​ជាការឆ្លើយតប លោកស្រី Sofia Fang បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះឯកឧត្តមអនុរដ្ឋលេខាធិការ ដែលបានផ្តល់នូវអនុ​សាសន៍ប្រកបដោយចក្ខុវិស័យ។ តំណាងក្រុមហ៊ុនបានឯកភាពទទួល​យកនូវសំណើទាំងអស់ខាងលើ ដើម្បីយកទៅសិក្សា និងជំរុញកិច្ច​សហ​​ប្រតិបត្តិការជាមួយក្រសួងឱ្យកាន់តែស៊ីជម្រៅ ដើម្បីឈានទៅ​សម្រេច​បាននូវលទ្ធផលផ្លែផ្កានាពេលខាងមុខ៕

Share.