ជាតិ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចុះជួបពិភាក្សាជាមួយលោក U Kyaw Bohne Naing អ៊ូកាយ បូណេណាំង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា (UMTA) និងតំណាងក្រុមហ៊ុនទេសចរណ៍ឈានមុខជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នារួមគ្នាកន្លងមក។

នៅក្នុងជំនួបនេះ ភាគីមីយ៉ាន់ម៉ាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិរបស់កម្ពុជា ជាពិសេសរមណីយដ្ឋានអង្គរ និងតំបន់ឆ្នេរសមុទ្រ ដែលអាចទាក់ទាញភ្ញៀវទេសចរមីយ៉ាន់ម៉ាឱ្យមកទស្សនាកាន់តែច្រើន។ ភាគីទាំងពីរបានឯកភាពរួមគ្នាលើគម្រោងអាទិភាពមួយចំនួនដូចជា៖ ការរៀបចំកម្មវិធីផ្សព្វផ្សាយរួមគ្នា កម្មវិធីទស្សនកិច្ចសិក្សា វេទិកាធុរកិច្ចទេសចរណ៍ និងការអភិវឌ្ឍកញ្ចប់ទេសចរណ៍ថ្មីៗ សំដៅបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពង្រឹងចំណងសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ឯកឧត្តម ហួត ហាក់ ក៏បានស្នើឱ្យប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរណ៍មីយ៉ាន់ម៉ា តាមរយៈបណ្តាញសមាជិកជាង ១,០០០ អង្គភាព ព្រមទាំងជំរុញការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍សំខាន់ៗដូចជា តំបន់អង្គរ និងតំបន់បាកាន ដើម្បីទាក់ទាញភ្ញៀវទេសចរពីទីផ្សារតំបន់ និងអន្តរជាតិផងដែរ។
គួររំលឹកដែរថា ក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥.៦ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរមីយ៉ាន់ម៉ាប្រមាណ ៣៧០០០ នាក់។ សម្រាប់រយៈពេល ៤ ខែដើមឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១.៣ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរមីយ៉ាន់ម៉ាជាង ១០០០០ នាក់ ដែលជាសញ្ញាវិជ្ជមានសម្រាប់កំណើនទេសចរណ៍រវាងប្រទេសទាំងពីរនាពេលអនាគត៕

