តាកែវ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ពិធីចែកអំណោយនេះ ដឹកនាំដោយឯកឧត្តម ប្រធានគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិកាគណៈកម្មាធិការសាខា ដោយបានចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមពាក្យស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

អំណោយមនុស្សធម៌ដែលត្រូវបានផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ប្រេងឆា ១លីត្រ នំកញ្ចប់ធំ ១ ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ និងថវិកា ២ម៉ឺនរៀល។

Share.