ក្នុងក្របខណ្ឌនៃការលើកកម្ពស់សមត្ថភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ មន្ត្រីយោធិនជានារីចំនួនពីររូប នៃកងយោធពលខេមរភូមិន្ទ ត្រូវបានបញ្ជូនទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយ ស្តីពី «អ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ» ។

វគ្គហ្វឹកហ្វឺនកម្រិតអន្តរជាតិនេះ កំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអង្គការសហប្រជាជាតិ នៃកងទ័ពសហព័ន្ធអាល្លឺម៉ង់ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Hammelburg នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
វគ្គបណ្តុះបណ្តាលខាងលើនេះ មានគោលបំណងសំខាន់ក្នុងការបំពាក់បំប៉ន និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ជូនដល់បុគ្គលិកយោធា ដើម្បីទៅបំពេញភារកិច្ចស្នូលជា អ្នកសង្កេតការណ៍យោធា ទីប្រឹក្សា និងមន្ត្រីទំនាក់ទំនង នៅក្នុងបេសកកម្មរក្សាសន្តិភាពនានារបស់អង្គការសហប្រជាជាតិ នៅទូទាំងសកលលោក។
យោងតាមស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា បេសកកម្មសិក្សារបស់មន្ត្រីនារីទាំងពីររូបនេះ គឺជាព្រឹត្តិការណ៍នៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីលើកទីពីរហើយ រវាងប្រទេសអាល្លឺម៉ង់ និងកម្ពុជា នៅក្នុងឆ្នាំ២០២៦ នេះ។ កាលពីដើមឆ្នាំកន្លងទៅ មន្ត្រីនៃកងយោធពលខេមរភូមិន្ទចំនួនពីររូប ក៏ទើបតែបានបញ្ចប់វគ្គបណ្តុះបណ្តាលមន្ត្រីបុគ្គលិកអង្គការសហប្រជាជាតិ នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ផងដែរ។

គំនិតផ្តួចផ្តើមនៃវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់នេះ ត្រូវបានគេមើលឃើញថា ជាចំណុចចាប់ផ្តើមដ៏មានផ្លែផ្កា និងស្តែងឱ្យឃើញពីសក្ដានុពលខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់ ក្នុងសកម្មភាពមនុស្សធម៌ និងការគាំទ្រដល់សន្តិភាពពិភពលោក។
ថ្នាក់ដឹកនាំ ក៏ដូចជាមជ្ឈដ្ឋានទូទៅ បានសម្តែងនូវការអបអរសាទរ និងជូនពរជ័យដល់មន្ត្រីយោធិននារីទាំងពីររូប ឱ្យទទួលបានជោគជ័យត្រចះត្រចង់ក្នុងការសិក្សា និងក្រេបជញ្ជក់ចំណេះដឹងពីទឹកដីអាល្លឺម៉ង់ ដើម្បីនាំយកមកបម្រើជាតិមាតុភូមិ ព្រមទាំងចូលរួមចំណែកកាន់តែសកម្មក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

