នៅក្នុងកិច្ចប្រជុំកម្រិតអន្តរជាតិដ៏ធំមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិ តំណាងជាន់ខ្ពស់របស់កម្ពុជាបានឆ្លើយតប និងច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់ភាគីថៃ ដែលថា កម្ពុជាមិនព្រមចាប់យកការចរចាទ្វេភាគី ហើយបែរជាព្យាយាមធ្វើ «អន្តរជាតិវូបនីយកម្ម» លើបញ្ហាជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ។

ការឆ្លើយតបដ៏ម៉ឺងម៉ាត់នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី ៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៦ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ដោយមានការចូលរួមពីបណ្តាប្រទេសចំនួន ១៧១ និងអង្គការតំបន់មួយ។
ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានពន្យល់យ៉ាងច្បាស់លាស់អំពីមូលហេតុគតិយុត្តិដែលនាំឱ្យកម្ពុជាសម្រេចចិត្តចាប់ផ្តើមដំណើរការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមឆ័ត្រ UNCLOS។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ដោយសារភាគីថៃបានសម្រេចលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001) ដែលជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់សម្រាប់ជាមូលដ្ឋានដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្រ (OCA) នោះ កម្ពុជាគឺគ្មានជម្រើសណាក្រៅពីការប្រើប្រាស់យន្តការអន្តរជាតិនេះឡើយ។
ភ្លាមៗបន្ទាប់ពីតំណាងប្រទេសថៃបានចោទប្រកាន់ថា កម្ពុជាកំពុងធ្វើអន្តរជាតិវូបនីយកម្មលើជម្លោះទ្វេភាគី ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជា បានឡើងថ្លែងការណ៍បដិសេធ និងលាតត្រដាងការពិតនៅចំពោះមុខរដ្ឋសមាជិកទាំងអស់។

ឯកឧត្តម យោង ចាន់សុភារ បានបញ្ជាក់ថា អ្វីដែលថៃបានលើកឡើងគឺផ្ទុយស្រឡះពីការពិតជាក់ស្តែង ដោយហេតុថា ថៃមិនបានធ្វើនូវអ្វី ដូចដែលខ្លួនបានលើកឡើងនោះទេ។ ថៃបានលើកពីលេស រាប់សិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។ ផ្ទុយទៅវិញថៃលុបចោលអនុស្សរណៈឆ្នាំ ២០០១ ជា ឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាតែម្តង។
ឯកឧត្តម យោង ចាន់សុភារ បានបញ្ជាក់បន្ថែមថា ខណៈកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ កម្ពុជាជ្រើសរើស ដំណើរការផ្សះផ្សារដោយបង្ខំនេះគឺដើម្បីធានាការការពារ និងការគោរព អធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា។
យ៉ាងណាមិញ ក្រៅពីការជជែកដេញដោលលើបញ្ហាព្រំដែនសមុទ្រ នៅក្នុងកិច្ចប្រជុំកម្រិតពិភពលោកនេះ ក៏មានការរៀបចំបោះឆ្នោតជ្រើសរើសសមាជិកនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៦ ផងដែរ។
ជាលទ្ធផលនៃការបោះឆ្នោត ប្រទេសចំនួន ៧ រួមមាន ហ្គាណា ទុយនេស៊ី វៀតណាម រុស្ស៊ី ហូឡង់ ឥណ្ឌា និងប្រេស៊ីល ត្រូវបានជាប់ឆ្នោតជាសមាជិកផ្លូវការនៃតុលាការអន្តរជាតិ (ITLOS) នេះ៕

