ហុងកុង៖ ការិយាល័យឧតុនិយមហុងកុង បានដំឡើងកម្រិតព្រមានពីជំនន់ទឹកភ្លៀងដល់កម្រិត «ពណ៌ខ្មៅ» (Black Rainstorm Signal) ដែលជាកម្រិតខ្ពស់បំផុត កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា វេលាម៉ោង ១២:៥៥នាទីរសៀល (ម៉ោងក្នុងតំបន់)។ ការប្រកាសអាសន្ននេះ បានបង្ខំឱ្យមានការបិទសាលារៀន និងផ្អាកអាជីវកម្មមួយចំនួន ខណៈអាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋស្វែងរកកន្លែងសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។

យោងតាមគេហទំព័ររបស់ការិយាល័យឧតុនិយមបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលអាចមានកម្រិតលើសពី ៧០មីលីម៉ែត្រក្នុងមួយម៉ោង នឹងបន្តធ្លាក់បន្ថែមទៀត។ សញ្ញាព្រមានកម្រិតពណ៌ខ្មៅនាពេលនេះ គឺបានកើតជាលើកទី២ហើយ នៅក្នុងឆ្នាំនេះ ដែលលើកទីមួយបានកើតឡើងកាលពីជាងមួយសប្តាហ៍មុន ពោលគឺកាលពីថ្ងៃទី៨ ខែមិថុនា។


គួរបញ្ជាក់ថា មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ រួមទាំងតំបន់ភាគខាងត្បូងនៃប្រទេសចិន បានទទួលរងនូវភ្លៀងធ្លាក់ជោគជាំជាច្រើនថ្ងៃមកហើយ ដោយសារឥទ្ធិពលនៃខ្យល់មូសុងនិរតីសកម្ម និងសម្ពាធទាបដែលអូសបន្លាយពេលយូរ។
ការិយាល័យឧតុនិយមបានបញ្ជាក់បន្ថែមថា ខ្យល់កន្រ្តាក់ខ្លាំងអាចនឹងបន្តជះឥទ្ធិពលដល់ទីក្រុងហុងកុង ដោយនៅក្នុងនោះ កម្លាំងខ្យល់ក្នុងល្បឿនប្រមាណ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រានៅក្នុងស្រុកតៃអូ (Tai O) ភាគនិរតីនៃទីក្រុងហុងកុង។

ស្ថានភាពនេះបានកើតឡើងនៅចំពេលមុនថ្ងៃពិធីបុណ្យអុំទូកនាគ (Dragon Boat Festival) នៅថ្ងៃសុក្រ នេះ ដែលជាថ្ងៃឈប់សម្រាករយៈពេល ៣ថ្ងៃសម្រាប់ប្រជាពលរដ្ឋ ហើយមនុស្សជាច្រើនត្រូវបានរំពឹងថានឹងធ្វើដំណើរការកម្សាន្ត។
ដោយឡែក នៅឯតំបន់ព្រំដែនក្នុងទីក្រុងសិនជិន (Shenzhen) នៃប្រទេសចិនដីគោកវិញ អាជ្ញាធរក៏បានប្រកាសអាសន្នពីគ្រោះទឹកភ្លៀងកម្រិត «ពណ៌ក្រហម» ផងដែរ ព្រមទាំងបានជំរុញឱ្យប្រជាពលរដ្ឋជៀសវាងពីតំបន់ទំនាប ដក់ទឹក និងតំបន់ដែលចាត់ទុកថា មានគ្រោះថ្នាក់ផ្សេងទៀត។ អាជ្ញាធរក៏បានព្រមានពីការកើនឡើងនូវហានិភ័យនៃទឹកជំនន់ភ្នំ ការបាក់ដី និងគ្រោះមហន្តរាយផ្សេងៗទៀតផងដែរ៕

