បន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជាបានទទួលពលករខ្មែរចំនួន88នាក់ដែលភាគីថៃចាប់បញ្ជូនតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅរសៀលថ្ងៃទី18 ខែមិថុនា ឆ្នាំ2026នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ហង្ស រតនា អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ តំណាងលោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ រួមជាមួយកម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាំទទួលពលករខ្មែរ បានជូនបាយម្នាក់១ប្រអប់ នំប៉័ង១ទឹកបរិសុទ្ធជូនដល់ពលករខ្មែរ។
លោកវរសេនីយ៍ឯក ហង្ស រតនា បានប្រាប់ឲ្យដឹងថា៖ ពលករខ្មែរចំនួន88នាក់មានស្រី32នាក់ និងកុមារ7នាក់ ដែលអាជ្ញាធរមានសមត្ថកិច្ចថៃចាប់បញ្ជូនតាមច្រកទ្វារខ្លងលឹកប្រទេសថៃ ដែលឈមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានពលករខ្មែរដែលស្នាក់នៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ និងពលករខ្មែរដែលលួចឆ្លងដែនចូលមកកម្ពុជាវិញ និងពលករខ្មែរដែលចាញ់បោកមេខ្យល់ថៃ រួមទាំងអាជីវករខ្មែរដែលលក់ដូរនៅផ្សាររោងក្លឿប្រទេសថៃ។

លោកបានបញ្ជាក់ថា៖ ពលករខ្មែរចំនួន88នាក់ដែលអាជ្ញាធរកម្ពុជាទទួលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយកម្លាំងជំនាញធ្វើការសាកសួរព័ត៌មានហើយដឹកតាមរថយន្តទៅមណ្ឌលសំចតហើយអាជ្ញាធរបានត្រៀមរថយន្តដឹកជញ្ជូនពួកគាត់ទៅដល់លំនៅដ្ឋានដោយសុវត្ថភាព។

ក៏បានណែនាំដល់ពលករខ្មែរដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនអោយបញ្ឈប់ការចាញ់បោកមេខ្យល់ទៅរកការងារធ្វើទៅប្រទេសថៃដោយខុសច្បាប់ ព្រោះកម្ពុជាមានការងារធ្វើជាច្រើនសម្រាប់ទទួលបងប្អូនអោយមានការងារធ្វើហើយបាននៅជិតផ្ទះសម្បែងរស់នៅជាមួយកូនចៅ និងមានសុវត្ថិភាព ដោយមិនបាច់ទៅរកការងារទាំងប្រថុយប្រថាននៅប្រទេសថៃឡើយ៕

