កោះកុង៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញ បានរកឃើញអន្ទាក់សត្វព្រៃចំនួន ៩៥ខ្សែ ដែលជនល្មើសបានដាក់រាយក្នុងព្រៃ ដើម្បីទាក់ចាប់សត្វព្រៃ។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងឧទ្យានុរក្សស្នាក់ការល្បាតឆាយអារ៉ែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងភូមិសាស្ត្រភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

តាមមន្ត្រីជំនាញ បានឱ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ក្រុមការងារបានល្បាតក្នុងតំបន់ជួរភ្នំក្រវាញ និងរកឃើញអន្ទាក់ព្រានជាច្រើន ដែលជាឧបករណ៍ប្រើសម្រាប់ចាប់សត្វព្រៃដោយខុសច្បាប់។

បន្ទាប់ពីរកឃើញ អន្ទាក់ទាំងអស់ត្រូវបានប្រមូលយកទៅរក្សាទុកនៅស្នាក់ការល្បាតឆាយអារ៉ែង ហើយមន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកជនល្មើសមកចាត់ការតាមច្បាប់។

អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពបរបាញ់សត្វព្រៃ និងចូលរួមការពារធនធានធម្មជាតិ ដើម្បីថែរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យបានយូរអង្វែង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.