ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌ៧មករា បានចុះប្រតិបត្តិការត្រួតពិនិត្យតាមអាគារ ខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងមូលដ្ឋានខណ្ឌ៧មករា និងបានឃាត់ខ្លួនជនសង្ស័យសរុប ៩នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងគ្រឿងញៀន។

ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់អាជ្ញាធររាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង។

តាមការត្រួតពិនិត្យ នៅជាន់ទី៨ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសជនជាតិវៀតណាមចំនួន ៦នាក់ ព្រមទាំងដកហូតសម្ភារៈពាក់ព័ន្ធ រួមមានទូរស័ព្ទ និងកុំព្យូទ័រ ខណៈដែលមាន Laptop មួយចំនួនត្រូវបានបោះចោលពីលើអាគារ ដើម្បីបំផ្លាញភស្តុតាង។

បន្ថែមពីនេះ កម្លាំងចម្រុះបានបន្តត្រួតពិនិត្យនៅជាន់ទី១១ និងទី១៥ ដោយឃាត់ខ្លួនមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅអង្គភាពជំនាញ ដើម្បីអនុវត្តនីតិវិធីតាមច្បាប់បន្ត។

អាជ្ញាធរបញ្ជាក់ថា នឹងបន្តបង្ក្រាបយ៉ាងតឹងរ៉ឹងលើបទល្មើសឆបោកតាមអនឡាញ និងគ្រឿងញៀន ដើម្បីរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម៕

អត្ថបទ៖ សេង សាវី

Share.