សំណុំរឿងសញ្ញាបត្រក្លែងក្លាយដែលពាក់ព័ន្ធនឹងបុគ្គលម្នាក់ ដែលគេស្គាល់ថាជាម្ចាស់ម៉ៅការសំណង់មួយរូបកាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍និងជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្តាញសង្គម។
សម្រាប់មហាជនខ្លះយល់ឃើញថា នេះមិនមែនជារឿងថ្មីឬជាករណីដោយឡែកនោះឡើយនៅក្នុងសង្គមខ្មែរ ព្រោះថាសំណុំរឿងសញ្ញាបត្រក្លែងក្លាយនេះបានកើតមានជាយូរណាស់មកហើយ មិនត្រឹមតែសញ្ញាបត្រក្នុងស្រុកនោះទេ មានដល់ទៅសញ្ញាបត្រមកពីក្រៅប្រទេសក៏មាន។
ហេតុអ្វីបានជាមនុស្សមួយចំនួនស្វែងរកសញ្ញាបត្រដោយមិនចាំបាច់ចូលសាលារៀន? នៅក្នុងយុគសម័យដែលពោរពេញទៅដោយការប្រកួតប្រជែង និងសម្ញែងសមត្ថភាពនិងសម្ភារនិយមនេះ មានមនុស្សកាន់តែច្រើនហាក់លែងសូវខ្វល់ខ្វាយនឹងរឿងគុណតម្លៃ និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមទៀតហើយ។ ពោលគឺដើម្បីសម្រាប់មហិច្ឆិតាឬក៏បំពេញនូវតណ្ហារបស់ខ្លួននិងបក្ខពួក គេហ៊ានធ្វើអ្វីៗទាំងអស់ ដោយមិនខ្វល់ថាទង្វើរបស់គេនោះ នឹងផ្តល់ផលប៉ះពាល់ឬការឈឺចាប់ដល់នរណានោះឡើយ។ជាក់ស្តែង ដូចជាក្នុងករណីទិញនិងប្រើប្រាស់សញ្ញាបត្រក្លែងក្លាយនេះជាដើម។តាមការកត់សម្គាល់ មានមូលហេតុមួយចំនួនដែលនាំឲ្យបុគ្គលមួយចំនួនទិញនិងប្រើប្រាស់សញ្ញាបត្រក្លែងក្លាយដូចជា ចង់បានមុខមាត់និងឋានៈក្នុងសង្គម ឱកាសការងារល្អ ប្រាក់ខែខ្ពស់ ជាពិសេសចង់បង្ហាញឲ្យអ្នកដទៃឃើញថា ខ្លួនបានរៀនសូត្រនិងមានសញ្ញាបត្រខ្ពស់ ជាដើម។
ទទួលបានសញ្ញាបត្រដោយមិនបានរៀន ចូលរៀនតែមិនបានបំពេញគ្រប់លក្ខខណ្ឌនិងមិនបានប្រឡងជាប់ ប៉ុន្តែទទួលបានសញ្ញាបត្រ ពិតជាជះឥទ្ធិពលអវិជ្ជមានយ៉ាងធំធេងទៅលើវិស័យអប់រំនៅក្នុងសង្គមជាតិទាំងមូល ពិសេសធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយលើកកម្ពស់មូលធនមនុស្សរបស់រាជរដ្ឋាភិបាល។តើរដ្ឋាភិបាលនឹងទទួលបានធនធានល្អដោយរបៀបណា បើមានមនុស្សកាន់តែច្រើនស្ពាយសញ្ញាបត្រក្លែងក្លាយ ហើយប្រកួតប្រជែងក្នុងទីផ្សារការងារ?តើនឹងមានអ្វីកើតឡើង នៅពេលដែលវិស្វករដែលគ្មានជំនាញច្បាស់លាស់កាន់សញ្ញាបត្រក្លែងក្លាយ ហើយសាងសង់ផ្លូវ ស្ពាន ថ្នល់ អគារខ្ពស់ៗដែលមានមនុស្សធ្វើដំណើរឆ្លងកាត់ រស់នៅនិងធ្វើការរបស់ពាន់នាក់?
ស្មេរយល់ថា មិត្តអ្នកអានប្រាកដជាអាចរកឃើញចម្លើយដោយខ្លួនឯងជាក់ជាមិនខានឡើយ។មកដល់ត្រង់ចំណុចនេះ ស្មេរគប្បីរំលឹកបន្តិចនូវអ្វីដែលបានចែងនៅក្នុងច្បាប់ជាធរមានពាក់ព័ន្ធនឹងករណីប្រើប្រាស់ឯកសារក្លែងដូចជាករណីសញ្ញាបត្រក្លែងក្លាយនេះជាដើម។សូមចាំថា ផ្អែកលើមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ស្តីពី «បទក្លែងបន្លំឯកសារសាធារណៈ» ការក្លែងបន្លំដែលប្រព្រឹត្តលើលិខិតយថាភូត ឬឯកសារដែលចេញដោយអាជ្ញាធរសាធារណៈ ដើម្បីបញ្ជាក់សិទ្ធិ អត្តសញ្ញាណ ឋានៈ ឬទទួលបានការអនុញ្ញាតណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ។
ដូច្នេះអំណើះតទៅ ដើម្បីការពារមុខមាត់និងកិត្តិយសរបស់ប្រទេសនិយាយជារួមនិងដោយឡែកបុគ្គលម្នាក់ក៏ដូចជាគ្រួសារពូជពង្សវង់ត្រកូលផងនោះ យើងគួរតែល្មមដល់ពេលបញ្ឈប់សកម្មភាពលក់ ទិញនិងប្រើប្រាស់សញ្ញាបត្រក្លែងក្លាយជាបន្តទៅទៀត។ សិស្ស និស្សិត គ្រប់រូបត្រូវតែព្យាយាមតស៊ូរៀនសូត្រដើម្បីទទួលបានចំណេះជំនាញពិតប្រាកដ ច្បាស់លាស់ និងទទួលបានសញ្ញាបត្រដែលមានតម្លៃពិតប្រាកដស័ក្តិសមនឹងសមត្ថភាពរបស់ខ្លួន។សូមកុំយកគំរូតាមបុគ្គលមួយចំនួនដែលបានទិញនិងប្រើប្រាស់ សញ្ញាបត្រក្លែងក្លាយ ព្រោះតែចង់មានបានតាមផ្លូវកាត់ ដោយប្រាសចាកខិតខំប្រឹងប្រែងរៀនសូត្រ។ក្នុងន័យនេះ ក្រសួងអប់រំយុវជននិងកីឡា និងអង្គភាពពាក់ព័ន្ធគប្បីបន្តលើកកម្ពស់ការត្រួតពិនិត្យការចេញសញ្ញាបត្រដល់អ្នកសិក្សាឲ្យបានគត់មត់និងបន្ថែមការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទៅតាមការរីកចម្រើននៃបច្ចេកវិទ្យា។សូមចាំថា អ្នកដែលលក់ ទិញនិងប្រើប្រាស់សញ្ញាបត្រក្លែងក្លាយគឺជាអ្នកបំផ្លាញជាតិ។គ្រប់គ្នាមានចំណែកក្នុងការចូលរួមលើកកម្ពស់គុណភាពអប់រំនិងពង្រឹងមូលធនមនុស្សជាមួយរាជរដ្ឋាភិបាល៕

អត្ថបទ៖ត្រយង
