ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្ដេជ្ញាចិត្តលុបបំបាត់ស៊ីមកាត (SIM Card) គ្មានអត្តសញ្ញាណឱ្យអស់ពីទីផ្សារយ៉ាងយូរត្រឹមចុងឆ្នាំ២០២៦ ខាងមុខ តាមរយៈការបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ក្នុងការផ្ទៀងផ្ទាត់ទិន្នន័យអ្នកប្រើប្រាស់ស៊ីមកាត ជាមួយគណនីធនាគារ ឬគណនីទូទាត់ប្រាក់ ដើម្បីពង្រឹងសុវត្ថិភាពឌីជីថល និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)

យ៉ាងយូរនៅមុនដំណាច់ឆ្នាំ២០២៦ នេះ ស៊ីមកាត (SIM Card) ដែលគ្មានអត្តសញ្ញាណនឹងលែងមានតទៅទៀតហើយ ពោលគឺរាល់គ្រប់ស៊ីមកាតដែលដំណើរការ ត្រូវតែមានអត្តសញ្ញាណច្បាស់លាស់របស់អ្នកប្រើប្រាស់ទាំងអស់។ នេះជាការប្ដេជ្ញាចិត្តរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយគណនីធនាគារ ឬគណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានលើកឡើងថា បញ្ហាស៊ីមកាតគ្មានអត្តសញ្ញាណ ឬការប្រើប្រាស់ស៊ីមកាតដែលមានអត្តសញ្ញាណអ្នកដទៃបន្តមកដល់សព្វថ្ងៃនេះ គឺជាសំណល់សេសសល់ពីមុនមក។ ឯកឧត្តមបានពន្យល់ថា កាលពី២០ឆ្នាំមុន អំឡុងពេលដែលសេវាទូរស័ព្ទចល័តមានការរីកចម្រើនខ្លាំង ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទបានចែកចាយស៊ីមកាតយ៉ាងសេរី ដោយមិនចាំបាច់ភ្ជាប់អត្តសញ្ញាណ ឬប្រើអត្តសញ្ញាណមនុស្សម្នាក់ដើម្បីទិញស៊ីមកាតជាច្រើន រួចចែកឱ្យអ្នកដទៃប្រើប្រាស់បន្ត។

ដោយមើលឃើញពីភាពអនាធិបតេយ្យ និងបញ្ហាប្រឈមមួយចំនួន ដូចជាការគំរាមកំហែង និងការឆបោកជាដើម នៅឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍បានចេញសេចក្ដីប្រកាសណែនាំជាបន្ដបន្ទាប់ ឱ្យបញ្ឈប់ការចែកចាយ SIM Card ដោយមិនភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ។ ទន្ទឹមនឹងនោះ ក៏មានការសហការជាមួយក្រុមហ៊ុនសេវាទូរស័ព្ទក្នុងការអនុវត្តវិធានការហាមឃាត់ និងពិន័យជាច្រើនករណី រហូតគ្រប់គ្រងបានទាំងស្រុង ពោលគឺការបញ្ឈប់ជាស្ថាពរនូវការចែកចាយ SIM Card គ្មានអត្តសញ្ញាណ។ នេះជាការរៀបរាប់បន្ថែមរបស់ ឯកឧត្តម ជា វ៉ាន់ដេត។

ឯកឧត្តមគូសបញ្ជាក់ថា SIM Card ដែលគ្មានអត្តសញ្ញាណបានបង្កបញ្ហាក្នុងការប្រើប្រាស់គណនីធនាគារ ដោយសារការបង្កើតគណនីធនាគារ គឺត្រូវផ្សាភ្ជាប់ជាមួយនឹងលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ដើម្បីធានាសុវត្ថិភាព។ ឯកឧត្តមសង្កត់ធ្ងន់ថា SIM Card ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ បានបង្កឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ហើយសមត្ថកិច្ចក៏ជួបការលំបាកក្នុងការកំណត់មុខសញ្ញាជនល្មើសផងដែរ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍បានបន្ថែមថា ការឆបោកដោយប្រើ SIM Card ក្នុងស្រុកនេះ បង្កហានិភ័យតែនៅក្នុងស្រុកប៉ុណ្ណោះ ព្រោះជនល្មើសមិនប្រើប្រាស់ SIM Card កម្ពុជាទៅបោកប្រាស់ជនបរទេសនៅក្រៅប្រទេសនោះទេ។

ជាមួយគ្នានេះ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានពន្យល់ដែរថា ការផ្ទៀងផ្ទាត់គណនីធនាគារជាមួយលេខទូរស័ព្ទ តាមរយៈ DG SuperApp ដើម្បីបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរស័ព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដូចជា លេខកូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងសង្គម។

ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់បន្ថែមថា ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ ឬគណនីទូទាត់សងប្រាក់នេះ គឺមិនពាក់ព័ន្ធទៅនឹងទិន្នន័យឯកជន ឬប្រតិបត្តិការហិរញ្ញវត្ថុនៃគណនីធនាគាររបស់អ្នកប្រើប្រាស់នោះឡើយ។

សូមជម្រាបថា យុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយគណនីធនាគារ ឬគណនីទូទាត់សងប្រាក់ មានគោលបំណងការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណច្បាស់លាស់ ដែលកំពុងត្រូវបានយកទៅប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ។ តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG SuperApp ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

គំនិតផ្តួចផ្តើមនេះ ក៏នឹងរួមចំណែកក្នុងការជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យទូរគមនាគមន៍ និងវិស័យធនាគារ ដែលជាគន្លឹះដ៏សំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជាផងដែរ៕

Share.