កាហ្សាន៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហុង (Le Minh Hung) និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានឯកភាពគ្នាក្នុងការបង្កើនល្បឿននៃកិច្ចចរចាលើគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ នីញធួន ១ (Ninh Thuan 1) ក្នុងគោលបំណងឈានទៅចាប់ផ្តើមការសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។
ជំនួបពិភាក្សាទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ឡេ មិញហុង និងលោកប្រធានាធិបតី ពូទីន បានប្រព្រឹត្តទៅនៅទីក្រុងកាហ្សាន កាលពីថ្ងៃទី១៨ ខែមិថុនា ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាលវៀតណាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី និងបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសរុស្ស៊ី។

នៅក្នុងជំនួបនោះ លោកប្រធានាធិបតី ពូទីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាម ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងរួមចំណែកយ៉ាងសកម្មក្នុងការញ៉ាំងឱ្យកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី លើកទី៣៥ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោកប្រធានាធិបតីបានគូសបញ្ជាក់ថា វៀតណាមគឺជាដៃគូដ៏សំខាន់បំផុតមួយ និងជាមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ីនៅក្នុងតំបន់ ព្រមទាំងជាស្ពានចម្លងដ៏សំខាន់ទៅកាន់អាស៊ាន និងជាកម្លាំងចលករនៃគំនិតផ្តួចផ្តើមសហប្រតិបត្តិការនានារបស់រុស្ស៊ីនៅក្នុងតំបន់នេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសទំនុកចិត្តខាងនយោបាយដែលកំពុងត្រូវបានពង្រឹងជាលំដាប់ ដែលលោកចាត់ទុកថាជាគ្រឹះស្ថានដ៏រឹងមាំសម្រាប់ការពង្រីកទំនាក់ទំនងលើគ្រប់វិស័យ។

ដោយឡែក លោកប្រធានាធិបតី ពូទីន ក៏បានរំលឹកឡើងវិញនូវជំនួបនានាជាមួយថ្នាក់ដឹកនាំវៀតណាមនាពេលថ្មីៗនេះ និងបានផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្ដៅជូនចំពោះ លោក តូ ឡាំ (To Lam) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗដទៃទៀត។ លោកបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា លោកនាយករដ្ឋមន្ត្រី ឡេ មិញហុង និងរដ្ឋាភិបាលថ្មីរបស់វៀតណាម នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ដើម្បីបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ឡេ មិញហុង បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីជាលើកដំបូងក្នុងតួនាទីថ្មី។ លោកបាននាំនូវការសួរសុខទុក្ខពីសំណាក់លោកអគ្គលេខាធិការ និងជាប្រធានរដ្ឋ តូ ឡាំ ព្រមទាំងថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ជូនចំពោះលោកប្រធានាធិបតី ពូទីន និងបានអបអរសាទរចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ដោយលោកបានលើកឡើងថា កិច្ចប្រជុំនេះបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងរុស្ស៊ី និងបណ្តាប្រទេសជាសមាជិកអាស៊ាន។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម តែងតែចាត់ទុករុស្ស៊ីជាដៃគូដ៏សំខាន់បំផុតមួយនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយទោះបីជាស្ថានភាពសកលលោកមានការប្រែប្រួលស្មុគស្មាញយ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាពប្រពៃណីរវាងវៀតណាម និងរុស្ស៊ី នៅតែបន្តរីកចម្រើនលើគ្រប់វិស័យ។ លោកបានអះអាងថា រដ្ឋាភិបាលថ្មីរបស់វៀតណាមមានបំណងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលរុស្ស៊ី ដើម្បីជំរុញកិច្ចព្រមព្រៀងនានាដែលសម្រេចបានរវាងលោកប្រធានរដ្ឋ តូ ឡាំ និងលោកប្រធានាធិបតី ពូទីន សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែគ្រប់ជ្រុងជ្រោយ។

ថ្នាក់ដឹកនាំវៀតណាមបានកត់សម្គាល់ថា ឆ្លងតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាធិការ តូ ឡាំ ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំវៀតណាមបានណែនាំដល់ស្ថាប័នពាក់ព័ន្ធនានាឱ្យរៀបចំផែនការសកម្មភាពជាក់ស្តែង និងរាយការណ៍ពីវឌ្ឍនភាពជាប្រចាំ។ ផ្អែកលើមូលដ្ឋាននេះ លោកបានស្នើឱ្យរុស្ស៊ីបន្តជំរុញភាគីទាំងពីរឱ្យប្រែក្លាយកិច្ចព្រមព្រៀងទាំងនោះទៅជាលទ្ធផលជាក់ស្តែង។
នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីទិសដៅ និងវិធានការនានាដើម្បីបង្កើតរបត់ថ្មី ក្នុងគោលបំណងនាំមកនូវលទ្ធផលជាក់ស្តែងបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងគ្រឹះស្ថាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបម្រើដល់គោលដៅអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។
ភាគីទាំង២ បានឯកភាពបង្កើនកិច្ចសន្ទនាជាទៀងទាត់ និងស៊ីជម្រៅតាមគ្រប់ច្រកថ្នាក់ដឹកនាំ និងគ្រប់កម្រិត ព្រមទាំងរក្សាការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ដើម្បីពិភាក្សាទាន់ពេលវេលាលើបញ្ហាទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរបានអះអាងសារជាថ្មីថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ នៅតែជាសសរស្តម្ភយុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ហើយបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហការលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Cybersecurity) និងការផ្លាស់ប្តូររវាងយោធិននៃប្រទេសទាំងពីរផងដែរ។

ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ី កំពុងឈានចូលដំណាក់កាលនៃឱកាស និងសក្តានុពលដ៏មានសារៈសំខាន់ លោកនាយករដ្ឋមន្ត្រី ឡេ មិញហុង និងលោកប្រធានាធិបតី ពូទីន បានឯកភាពគ្នាក្នុងការបង្កើនល្បឿនកិច្ចចរចាសម្រាប់ការអនុវត្តគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ នីញធួន ១ ក្នុងពេលឆាប់ៗខាងមុខ។ ថ្នាក់ដឹកនាំទាំង២ បានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ប្រេងកាត និងហ្គាស ព្រមទាំងថាមពលនុយក្លេអ៊ែរ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ហើយត្រូវតែអនុវត្តស្របតាមសេចក្តីព្រាងផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀងគ្នា។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំង២ ក៏បានឯកភាពលើទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អប់រំ និងបណ្តុះបណ្តាល ដឹកជញ្ជូន វប្បធម៌ និងទេសចរណ៍ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការដំឡើងទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានដល់ ១៥ ពាន់លានដុល្លារអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខ។ ភាគីទាំងពីរបានយល់ព្រមបន្តកិច្ចសហការលើវិស័យរ៉ែ ដឹកជញ្ជូន ឧស្សាហកម្មផលិតនាវា ការធ្វើទំនើបកម្មផ្លូវដែក និងការពង្រីកច្រករបៀងដឹកជញ្ជូន រួមទាំងផ្លូវដែកអន្តរជាតិកាត់តាមប្រទេសចិនផងដែរ។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហុង បានស្នើឱ្យរុស្ស៊ីបង្កើតលក្ខខណ្ឌកាន់តែអនុគ្រោះសម្រាប់ផលិតផលវៀតណាម ជាពិសេសកសិផល ក្នុងការឈានចូលទីផ្សាររុស្ស៊ី។ លោកក៏បានអំពាវនាវឱ្យមានការលុបចោលនូវការរឹតបន្តឹងលើរោងចក្រកែច្នៃគ្រឿងសមុទ្រមួយចំនួនរបស់វៀតណាមក្នុងការនាំចេញទៅកាន់រុស្ស៊ី និងពង្រីកបញ្ជីឈ្មោះសហគ្រាសដែលមានសិទ្ធិនាំចេញផលិតផលគ្រឿងសមុទ្រទៅកាន់រុស្ស៊ី និងបណ្តាប្រទេសជាសមាជិកដទៃទៀតនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)។
បន្ថែមលើនេះ ប្រមុខរដ្ឋាភិបាលវៀតណាមបានស្នើឱ្យរុស្ស៊ីពិចារណាលើការចរចាដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង EAEU រួមទាំងការលុបចោលទាំងស្រុងនូវវិធានការការពារ (Safeguard measures) ដែលអនុវត្តលើការនាំចេញវាយនភណ្ឌ កាត់ដេរ និងស្បែកជើងរបស់វៀតណាមទៅកាន់ទីផ្សាររុស្ស៊ី និង EAEU។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន លោកប្រធានាធិបតី ពូទីន បានសម្តែងនូវបំណងចង់ពង្រីកការបង្រៀន និងការរៀនភាសារុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសវៀតណាមផងដែរ ហើយបានអះអាងសារជាថ្មីនូវការបន្តគាំទ្ររបស់រុស្ស៊ីសម្រាប់និស្សិតវៀតណាមដែលកំពុងសិក្សានៅក្នុងប្រទេសរុស្ស៊ី។
ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជំរុញការបង្កើតមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅប្រទេសរុស្ស៊ី ពិចារណាលើការសាងសង់សាលារៀនរុស្ស៊ីនៅទីក្រុងហាណូយ និងរៀបចំ «រដូវកាលវប្បធម៌រុស្ស៊ី» នៅប្រទេសវៀតណាមក្នុងឆ្នាំ២០២៧។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហុង បានគោរពអញ្ជើញលោកប្រធានាធិបតី ពូទីន ចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំសេដ្ឋកិច្ចអាប៉ិក (APEC Economic Leaders’ Week) ដែលគ្រោងនឹងប្រារព្ធឡើងនៅកោះភូគុក (Phu Quoc) ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៧។ លោកបានសម្តែងនូវជំនឿយ៉ាងមុតមាំថា វត្តមានរបស់លោកប្រធានាធិបតី ពូទីន និងគណៈប្រតិភូរុស្ស៊ី នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល៕

