បេរូត៖ ក្រសួងសុខាភិបាលលីបង់បានប្រកាសថា យ៉ាងហោចណាស់មានមនុស្ស ១៨នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភាគខាងត្បូងប្រទេសលីបង់ នាថ្ងៃសុក្រ ទី១៩ ខែមិថុនា នេះ ស្របពេលដែលកងទ័ពអ៊ីស្រាអែលបានអះអាងថា ទាហានរបស់ខ្លួនចំនួន ៤នាក់ត្រូវបានសម្លាប់ នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដ៏សាហាវបំផុតមួយ ចាប់តាំងពីការកើនឡើងកម្តៅយោធាចុងក្រោយនេះបានចាប់ផ្តើម។

ក្រសួងសុខាភិបាលលីបង់បានគូសបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងគំហុកតាំងពីពាក់កណ្តាលអធ្រាត្រ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការជម្លៀសប្រជាពលរដ្ឋ ដោយក្នុងនោះរបាយការណ៍បឋមបានបង្ហាញថា មានអ្នកស្លាប់ ១៨នាក់ និងរបួស ៣៣នាក់ ហើយតួលេខនេះត្រូវបានរំពឹងថា នឹងអាចកើនឡើងបន្ថែមទៀត។
ប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់លីបង់បានរាយការណ៍ថា ការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងបានធ្លាក់ចំទីក្រុងជាច្រើននៅក្នុងស្រុក ណាបាទីយ៉េះ (Nabatieh) តាំងពីយប់រហូតដល់ព្រឹកព្រលឹមថ្ងៃសុក្រ នេះ ដែលទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ NNA បានពិពណ៌នាថា ជាការទម្លាក់គ្រាប់បែកដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងសប្តាហ៍ថ្មីៗនេះ។
ដោយឡែកភាគីអ៊ីស្រាអែលបានអះអាងថា ការវាយប្រហារនេះមានគោលដៅលើអ្វីដែលខ្លួនហៅថាជា សកម្មជន និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេហ្សបូឡា (Hezbollah) នៅទូទាំងតំបន់ជាច្រើននៃភាគខាងត្បូងលីបង់ ហើយវាត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ជាញឹកញាប់ ដោយក្រុមប្រដាប់អាវុធដែលមានអ៊ីរ៉ង់នៅពីក្រោយខ្នងមួយនេះ។

យ៉ាងណាការបាត់បង់ជីវិតរបស់កងទ័ពអ៊ីស្រាអែលនាពេលនេះ គឺជាការខូចខាតផ្នែកយោធាលើកដំបូងបំផុត ចាប់តាំងពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រ នេះ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា វរសេនីយ៍ទោ ដរ ហ្គេដាលីយ៉ា បេន ស៊ីមហុន (Dor Gedalia Ben Simhon) បានពលីជីវិតនៅក្នុងសមរភូមិ រួមជាមួយទាហាន ៣នាក់ផ្សេងទៀត ដែលអត្តសញ្ញាណនឹងត្រូវប្រកាសជាផ្លូវការនៅពេលក្រោយ។
ដោយឡែក ក្រុមហេហ្សបូឡាបានអះអាងថា យុទ្ធជនរបស់ខ្លួនបានឆ្មក់វាយប្រហារលើកងកម្លាំងអ៊ីស្រាអែល ដែលកំពុងរុញច្រានទៅមុខនៅជិតកូនភ្នំ អាលី អាល់តាហ៊ែរ (Ali al-Taher) ភាគខាងត្បូងលីបង់ ដោយបានកម្ទេចរថក្រោះធុន Merkava ចំនួន ៣គ្រឿង ដោយប្រើគ្រាប់មីស៊ីលនាំផ្លូវ ព្រមទាំងបានប្រើប្រាស់គ្រាប់រ៉ុកកែត និងកាំភ្លើងធំបាញ់ស្រោចលើកងទ័ពអ៊ីស្រាអែល។ ក្រុមនេះបានបន្ថែមថា ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកកំពុងតែបន្តប្រព្រឹត្តទៅនៅឡើយ។


ការកើនឡើងកម្តៅយោធានេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលបានផ្សព្វផ្សាយផែនទីបង្ហាញពីការបន្តពង្រីកតំបន់គ្រប់គ្រងយោធារបស់ខ្លួននៅភាគខាងត្បូងលីបង់ និងបានប្រកាសថា ខ្លួនមិនច្រានចោលលទ្ធភាពនៃការវាយប្រហារហួសពីតំបន់កំណត់នោះឡើយ។ ចំណាត់ការនេះបានបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំង ជុំវិញកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ដើម្បីបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយនិងប្រទេសអ៊ីរ៉ង់។

កិច្ចព្រមព្រៀងខាងលើ បានអំពាវនាវឱ្យមានការបញ្ចប់រាល់អរិភាពនៅលើគ្រប់សមរភូមិ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ ហើយទាមទារឱ្យភាគីទាំងអស់គោរពតាមបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសលីបង់។
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានទម្លាយឱ្យដឹងថា អ៊ីស្រាអែលកំពុងស្ថិតក្នុងកិច្ចចរចាដ៏តឹងតែងជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការរក្សាកងទ័ពរបស់ខ្លួនក្នុងជម្រៅរហូតដល់ ១០គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីភាគខាងត្បូងលីបង់ ក្នុងប្រតិបត្តិការដេញតាមកម្ទេចក្រុមហេហ្សបូឡា។
រហូតមកទល់ពេលនេះ អ៊ីស្រាអែលបានបដិសេធរាល់ការអំពាវនាវឱ្យដកកងកម្លាំងរបស់ខ្លួនចេញពីភាគខាងត្បូងលីបង់ ខណៈដែលក្រុមហេហ្សបូឡា នៅតែបន្តការវាយប្រហារលើទីតាំងឈរជើងរបស់អ៊ីស្រាអែល រួមទាំងការប្រើប្រាស់ដ្រូនអត្តឃាត (Explosive drones) ដែលបានសម្លាប់ និងបង្កឱ្យមានរបួសដល់កងទ័ពអ៊ីស្រាអែលជាច្រើននាក់ នៅក្នុងសប្តាហ៍នេះផងដែរ៕

