អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ជុំវិញកិច្ចព្រមព្រៀងសន្តិភាពនាពេលថ្មីៗនេះ រវាងសហរដ្ឋអាម៉េរิก និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ អ្នកនាំពាក្យបានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាសូមសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានរវាងមហាអំណាចទាំងពីរ ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង ក៏ដូចជាការបើកច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញ។
កម្ពុជា ដែលជាប្រទេសជឿជាក់លើនយោបាយឈ្នះ-ឈ្នះ តែងតែគាំទ្រជានិច្ចនូវរាល់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា យន្តការការទូត និងការគោរពគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ កម្ពុជាក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងដំណើរការសម្របសម្រួល រហូតឈានទៅសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តប្រកបដោយសុច្ឆន្ទៈ ដើម្បីនាំទៅរកសន្តិភាពយូរអង្វែង និងប្រកបដោយចីរភាព។

កម្ពុជាជឿជាក់ថា សន្តិភាព ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅតំបន់មជ្ឈិមបូព៌ា គឺមាន សារៈសំខាន់យ៉ាងខ្លាំង សម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និង វិបុលភាពរួម។ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងជួយស្តារទំនុកចិត្តឡើងវិញ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ សកល និងរួមចំណែកដល់ស្ថិរភាពនៅក្នុងទីផ្សារថាមពលអន្តរជាតិ។
កម្ពុជាលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ បន្តកសាងសន្ទុះវិជ្ជមាននេះ តាមរយៈការសន្ទនាប្រកបដោយ ចីរភាព និងការចូលរួមប្រកបដោយការស្ថាបនា ក្នុងគោលបំណងលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង នៅមជ្ឈិមបូព៌ា និងក្នុងពិភពលោក៕

