កណ្ដាល៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២១នាក់ ក្នុងនោះស្រី ២នាក់ និងដកហូតវត្ថុតាងជាច្រើន។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយដឹកនាំផ្ទាល់ដោយលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង។

ជាលទ្ធផល សមត្ថកិច្ចបានដកហូតកុំព្យូទ័រលើតុចំនួន ៤៨គ្រឿង កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៣គ្រឿង និងទូរស័ព្ទដៃចំនួន ៩គ្រឿង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។

អាជ្ញាធរខេត្តកណ្ដាលបានបញ្ជាក់ថា ការបង្ក្រាបបទល្មើស Online Scams គឺជាវិធានការដែលត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយបានដាក់បទបញ្ជាដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៅគ្រប់ក្រុង-ស្រុក ត្រូវចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរជាប្រចាំ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការរាយការណ៍ជូនអាជ្ញាធរ ប្រសិនបើមានការសង្ស័យថាមានទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។ អាជ្ញាធរនឹងរក្សាការសម្ងាត់ជូនអ្នកផ្ដល់ព័ត៌មាន និងផ្ដល់រង្វាន់លើកទឹកចិត្ត ក្នុងករណីព័ត៌មាននោះនាំទៅដល់ការបង្ក្រាបបទល្មើសបានជោគជ័យ៕
អត្ថបទ៖កណ្តាល

