ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ត្រី ស៊ឹម ជីវ័ន្ត អត្តលេខ ៦៧៨៨១ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកផ្លូវឱ្យស្ថាប័នតុលាការបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់់។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ការសម្រេចផ្អាកការងារបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងតាមសំណើរបស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្របតាមបទប្បញ្ញត្តិច្បាប់ និងបទវិន័យនគរបាលជាតិជាធរមាន។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានកំណត់ឱ្យ ឧត្តមសេនីយ៍ត្រី ស៊ឹម ជីវ័ន្ត ត្រូវទៅបង្ហាញមុខជាប្រចាំរៀងរាល់ម៉ោងធ្វើការ នៅលេខាធិការដ្ឋាននៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រហូតដល់មានការសម្រេចជាថ្មីពីអាជ្ញាធរមានសមត្ថកិច្ច។

ប្រកាសដដែលក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធទាំងអស់ រួមមានអគ្គលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត អនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារនៃប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ការសម្រេចនេះបង្ហាញពីការបន្តពង្រឹងវិន័យ ការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដោយស្មើភាព ក្នុងជួរកងកម្លាំងនគរបាលជាតិ ស្របតាមគោលការណ៍នីតិរដ្ឋ និងការលើកកម្ពស់តម្លាភាពក្នុងការបំពេញតួនាទីសាធារណៈ៕

Share.