កណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:១០នាទី លើកំណាត់ផ្លូវក្រាលកៅស៊ូ តំបន់ព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងស្ថិតនៅក្នុងបន្ទប់ទឹក។



តាមសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងរវាងរថយន្តធុនធ្ងន់ដឹកដី ២គ្រឿង បើកបរផ្ទុយទិសគ្នា។ រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G-1876 បើកពីលិចទៅកើត បានគេចម៉ូតូចតលើទ្រូងផ្លូវ ហើយកង់ក្រោយបានប៉ះជាមួយរថយន្តមួយគ្រឿងទៀត ដែលបើកផ្ទុយទិស។
បន្ទាប់មក រថយន្តបានបួងចង្កូតទៅឆ្វេង ធ្លាក់ចេញពីផ្លូវទៅខាងត្បូង និងក្រឡាប់សង្កត់លើបន្ទប់ទឹករបស់ប្រជាពលរដ្ឋម្នាក់ បណ្ដាលឱ្យឈ្មោះ អែម ផាន អាយុ ៥៥ឆ្នាំ ដែលកំពុងនៅខាងក្នុង រងរបួសធ្ងន់។ ជនរងគ្រោះត្រូវបានគ្រួសារដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតេជោសែន ស្រុកកោះធំ។
ក្រោយកើតហេតុ អ្នកបើករថយន្តមួយគ្រឿងបានបើកចេញពីកន្លែងកើតហេតុ ប៉ុន្តែក្រោយមកបានត្រឡប់មកវិញ ខណៈអ្នកបើករថយន្តមួយគ្រឿងទៀត ត្រូវបានសាច់ញាតិដឹកទៅព្យាបាលរបួសមុនសមត្ថកិច្ចមកដល់។
សមត្ថកិច្ចបានចុះពិនិត្យទីតាំង បាញ់សញ្ញាសម្គាល់ និងត្រៀមយកយានយន្តពាក់ព័ន្ធទៅរក្សាទុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

