កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់ម្ចាស់អាជីវកម្ម និងសេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ដែលមិនទាន់មានលិខិតអនុញ្ញាត ឬលិខិតអនុញ្ញាតផុតសុពលភាព សម្រាប់ឆ្នាំ២០២៦ ឱ្យរួសរាន់មកដាក់ពាក្យស្នើសុំប្រកបអាជីវកម្មថ្មី ឬបន្តសុពលភាពអាជ្ញាបណ្ណ ស្របតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។

ការជូនដំណឹងនេះ ធ្វើឡើងដោយផ្អែកលើអនុក្រឹត្យស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារផ្តល់សេវារដ្ឋបាលលើវិស័យព័ត៌មានជូនរដ្ឋបាលរាជធានី-ខេត្ត។

បើតាមរដ្ឋបាលខេត្ត អាជីវកម្ម និងសេវាកម្មដែលត្រូវមកបំពេញបែបបទ រួមមាន អាជីវកម្មរោងពុម្ព ស្ថានីយវិទ្យុផ្សាយផ្ទាល់ និងផ្សាយបន្ត ស្ថានីយទូរទស្សន៍ ខ្សែកាប និងប្រព័ន្ធផ្សាយផ្សេងៗ កាសែតជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអនឡាញ (Online) ព្រមទាំងអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មតាមអាហ្វីស ប៉ាណូ និងមធ្យោបាយដឹកជញ្ជូននានា ដែលកំពុងដំណើរការក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

ម្ចាស់អាជីវកម្ម និងសេវាកម្មអាចមកទទួល និងដាក់ពាក្យស្នើសុំបាននៅ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានទីតាំងក្នុងបរិវេណសាលាខេត្ត រៀងរាល់ថ្ងៃធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងករណីម្ចាស់អាជីវកម្ម ឬសេវាកម្មណាមួយ មិនអនុវត្តតាមការជូនដំណឹងនេះ ឬយឺតយ៉ាវក្នុងការដាក់ពាក្យស្នើសុំ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវឱ្យម្ចាស់អាជីវកម្ម និងសេវាកម្មទាំងអស់ ចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីធានាដល់ការគ្រប់គ្រង និងប្រតិបត្តិការវិស័យព័ត៌មាន ប្រកបដោយតម្លាភាព សណ្តាប់ធ្នាប់ និងស្របតាមច្បាប់កំណត់៕

Share.