ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បាននាំយកម៉ូតូចំនួន ៥០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនវីរកងទ័ព នៅកងពលធំអន្តរាគមន៍លេខ៣។

អំណោយនេះ ត្រូវបានប្រគល់តាមរយៈលោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយបានចាត់ឱ្យលោក ទូច ស៊ុនណារី អនុប្រធានអង្គភាព ដឹកនាំយកទៅប្រគល់ជូនដោយផ្ទាល់។

តំណាងទទួលម៉ូតូ គឺលោកឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាងឱ្យលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ ដើម្បីយកទៅប្រើប្រាស់ក្នុងភារកិច្ចប្រចាំថ្ងៃ នៅទិសទី១ នៃយោធភូមិភាគទី៤ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ តំណាងវីរកងទ័ពបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំជាតិ ដែលតែងតែគាំទ្រ និងយកចិត្តទុកដាក់ដល់កងកម្លាំងជួរមុខ ដោយអំណោយម៉ូតូទាំងនេះ នឹងជួយសម្រួលការធ្វើដំណើរ និងបំពេញភារកិច្ចការពារបូរណភាពទឹកដីឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទ៖ ចតុម្មុខ

Share.